​សម្ដេច ទៀ បាញ់ ៖ ​កីឡាករ-កីឡាការិនី​យើង​កុំ​ប្រហែស ​ប្រយ័ត្ន​បាត់​មេដាយ​នៅ​ទឹក​ដី​ខ្លួន​ឯង​

​សម្ដេច​ពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងការពារជាតិ និងជា​ប្រធាន​គណៈកម្មាធិការ​ជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេមឆ្នាំ២០២៣ បាន​ផ្ដាំ​ផ្ញើ​ដល់​កីឡាករ-កីឡាការិនីដែលបានឈ្នះមេដាយពីព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣១ នៅ​ប្រទេស​វៀតណាម​ កាលពីឆ្នាំ២០២២ គឺមិនត្រូវភ្លេចខ្លួនឡើយ បើទោះ​បីជាខ្លួនមាន​សមត្ថភាព​ហើយ​ក៏​ដោយ។

​​សម្ដេច​ពិជ័យសេនា​មាន​ប្រសាសន៍​យ៉ាង​ដូច្នេះ​ថា​ ៖«កីឡាករ-កីឡាការិនី​ដែល​ជោគជ័យ​ប្រជែង​បាន​មេដាយ​កាល​ស៊ីហ្គេម​នៅ​វៀតណាម​ សូមកុំភ្លេចខ្លួន បន្តប្រឹងប្រែងបន្ថែមទៀត បើទោះ​យើង​ជោគ​ជ័យ​ហើយ​ក៏ដោយ។ យើងត្រូវដឹងថា​ គេ​មកប្រកួត​នៅលើទឹកដីយើង​គេ​នឹង​យក​អ្នកខ្លាំង​មក​ប្រកួត​ជាមួយ​យើង។ ដូច្នេះយើងត្រូវតែបង្កើនសមត្ថភាពឲ្យបានខ្លាំងជាងមុន ព្រោះ​ថា​យើង​ជោគ​ជ័យ​ហើយ​ យើងប្រឹងប្រែងហ្វឹកហាត់ គេក៏បង្កើនការហ្វឹកហាត់ដូចគ្នា។ អីចឹង​បើយើង​ហ៊ាន​តែ​ធ្វេស​ប្រហែស​នឹងអាចបាត់បង់​គ្រប់​មេដាយគ្រប់​ពេល​វេលា»។

​សារ​ផ្ដាំផ្ញើ​របស់​សម្ដេច​ពិជ័យសេនា​ ទៀ បាញ់ គឺបាន​ធ្វើឡើងក្នុង​ពិធី​ប្រគល់​ប្រាក់​រង្វាន់​លើកទឹកចិត្ត​របស់​សម្ដេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាជូនគ្រូបង្វឹក គ្រូជំនួយ កីឡាករ-កីឡាការិនី​ដែល​ឈ្នះ​មេដាយ​មាស ប្រាក់ និងសំរឹទ្ធពីការប្រកួតកីឡាស៊ីហ្គេម លើកទី៣១ ដែល​សម្ដេច​ពិជ័យសេនា​បាន​តំណាងដ៏ខ្ពស់ខ្ពស់សម្ដេចតេជោ ហ៊ុន សែន ប្រគល់​ជយ័លាភី​ដោយ​ផ្ទាល់​នូវ​ថវិកាសរុបចំនួន ៤១១,២០០ ដុល្លារ នៅព្រឹកថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៣ នៅ​ទីស្តី​ការ​ក្រសួង​ការពារជាតិ៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds