ក្រោយមហាជនរិះគន់រឿងសែនព្រេននៅវត្តភ្នំ មន្ទីរវប្បធម៌និងវិចិត្រសិល្បៈរាជធានីភ្នំពេញចេញមុខបកស្រាយបែបនេះ…
មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈរាជធានីភ្នំពេញ នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣នេះ បានចេញសេចក្ដីបំភ្លឺជុំវិញនឹងការរិះគន់ពីមហាជន និងអ្នកប្រើប្រាស់បណ្ដាញសង្គម ពាក់ព័ន្ធទៅនឹងពិធីសែនមួយបង្ហាញពី ការសែនព្រេនបែបប្រពៃណីចិន-វៀតណាមថា តាមពិត ពិធីសែនព្រេននេះ គឺជាពិធីសែនឧបករណ៍សម្ភាររបស់ក្រុមជាងសាងសង់ មុននឹងដំណើរការរៀបចំកម្មវិធី “សង្រ្កាន្តវត្តភ្នំ”ឆ្នាំ២០២៣ប៉ុណ្ណោះ។
ជាមួយគ្នា មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈរាជធានីភ្នំពេញបញ្ជាក់ថា សម្រាប់ពិធីបួងសួងសុំម្ចាស់ទឹកម្ចាស់ដីដើម្បីរៀបចំ “សង្រ្កាន្តវត្តភ្នំ”ឆ្នាំ២០២៣ នឹងធ្វើនៅថ្ងៃចន្ទ ទី០៣ ខែមេសាខាងមុខ នៅរមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្រ្តវត្តភ្នំ។
គួរជម្រាបថា មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈរាជធានីភ្នំពេញ កាលពីថ្ងៃទី២៩ ខែមីនា បានបង្ហោះសារភ្ជាប់ជាមួយរូបថតជាច្រើនសន្លឹកបង្ហាញពីពិធីសែនព្រេនសុំម្ចាស់ទឹកម្ចាស់ដី ដើម្បីបើកការដ្ឋានសាងសង់ និងការរៀបចំសង្ក្រាន្តវត្តភ្នំ។ ស្រាប់តែថ្ងៃទី៣០មីនានេះ មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈរាជធានីភ្នំពេញ ត្រូវបានមហាជន និងអ្នកប្រើប្រាស់បណ្ដាញសង្គមជាច្រើនរិះគន់ថា រៀបចំពិធីសែនព្រេនដែលមិនមែនបែបបទជាលក្ខណៈខ្មែរ តែបែរជារៀបចំបែបជាចិន និងវៀតណាមទៅវិញ៕