ឆ្នាំ២០២២!ចំនួនសត្វត្មាតក្នុងព្រៃធម្មជាតិកម្ពុជាមានការកើនឡើង
លោក នេត្រ ភក្ត្រា អ្នកនាំពាក្យក្រសួងបរិស្ថាន នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣នេះ បានឱ្យដឹងថា យោងតាមលទ្ធផលជំរឿនបានបង្ហាញថា ស្ថានភាពសត្វត្មាតកម្ពុជាក្នុងឆ្នាំ២០២២ កន្លងទៅកាន់តែមានសញ្ញាណវិជ្ជមាន ក្រោមកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារអភិរក្សសត្វត្មាតកម្ពុជា ប៉ុន្តែចាំបាច់ទាមទារនូវការបង្កើនការយកចិត្តទុកដាក់ពីគ្រប់ភាគីក្នុងការការពារ និងអភិរក្សសត្វកម្រនេះបន្ថែមទៀត។
អ្នកនាំពាក្យរូបនេះបញ្ជាក់ថា ក្នុងឆ្នាំ២០២២ ជំរឿនបានបង្ហាញលទ្ធផលថា កម្ពុជាមានសត្វត្មាតទាំង៣ ប្រភេទសរុបចំនួន១៣៤ក្បាល ក្នុងនោះរួមមាន៖ ត្មាតផេះ៧១ក្បាល ត្មាតត្នោត៤៤ក្បាល និងត្មាតភ្លើងចំនួន១៩ក្បាល។ ចំនួនសត្វត្មាតមានការកើនឡើងចំនួន១៣ក្បាល បើប្រៀបធៀបនឹងឆ្នាំ២០២១ ដែលមានចំនួន១២១ក្បាល។ ងាកទៅមើល លទ្ធផលជំរឿនសត្វត្មាតថ្នាក់ជាតិកាលពីឆ្នាំ២០២១ បានបង្ហាញថា សត្វត្មាតមានចំនួនសរុប១២១ក្បាល ក្នុងនោះរួមមាន៖ ត្មាតភ្លើង២០ក្បាល ត្មាតផេះ៦៦ក្បាល និងត្មាតត្នោត៣៥ក្បាល។
មន្រ្តីជាន់ខ្ពសនៃក្រសួងបរិស្ថានដដែល ចាត់ទុក កំណើនសត្វត្មាតនេះថា ជាដំណឹងដ៏ល្អសម្រាប់ក្រុមអ្នកអភិរក្ស និងសម្រាប់ជីវៈចម្រុះនៅប្រទេសកម្ពុជា និងនៅលើពិភពលោក។ ប៉ុន្តែយ៉ាងណា លោកបានអំពាវនាវដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ឱ្យចូលរួម ការពារ និងអភិរក្សសត្វត្មាតដែលជាប្រភេទសត្វកម្រនេះបន្ថែមទៀត ដោយចូលរួមការពារទីជម្រក លុបបំបាត់ការបំពុលនានា បញ្ឈប់ការដាក់អន្ទាក់ និងការបរបាញ់ និងបញ្ឈប់សកម្មភាពរំខានដោយមនុស្សផ្សេងៗទៀត ដើម្បីផលប្រយោជន៍ដល់ប្រព័ន្ធអេកូឡូស៊ី ភាពសម្បូរបែបនៃជីវៈចម្រុះ និង រក្សាបានកេរតំណែលធម្មជាតិសម្រាប់មនុស្សជំនាន់ក្រោយៗបន្តទៀត៕