ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប បានសម្ដែងក្ដីសោកស្តាយ ជាមួយបងប្អូនប្រជាពលរដ្ឋចំពោះការខូចខាត​ និង បានរំលែកទុក្ខជាមួយក្រុមគ្រួសារសព

នាល្ងាចថ្ងៃទី ២៩ ខែមីនា ឆ្នាំ ២០២៣ កន្លងទៅ ភ្លៀងលាយខ្យល់កន្រ្តាក់បានធ្វើឱ្យកន្លែងរៀបចំសម្រាប់អង្គរសង្រ្កាន្ត និង មួយផ្នែកផ្សេងទៀតត្រូវបានរលំ នៅស្ពានព្រះរាជដំណាក់ ខេត្តសៀមរាប ព្រមទាំងបានធ្វើឱ្យមនុស្សម្នាក់បាត់បង់ជីវិត និង ម្នាក់ទៀតរងរបួសធ្ងន់។

ក្រោយមានអ្នកបាត់បង់ជីវិតជាមួយនឹងហេតុការណ៍ស្មានមិនដល់ខាងលើ ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប បានសម្ដែងក្ដីសោកស្តាយ ជាមួយបងប្អូនប្រជាពលរដ្ឋចំពោះការខូចខាត​ និង បានរំលែកទុក្ខជាមួយក្រុមគ្រួសារសព​ លោក​ ផេង ចន្ធូ អាយុ ៤៤ ឆ្នាំ ដែលបានទទួលមរណភាព​ ក្នុង​គ្រោះ​ឧបទ្ទវហេតុ​ ភ្លៀង​លាយខ្យល់កន្រ្តាក់ ក្នុងក្រុងសៀមរាប។

ក្រោយកើតហេតុ គណៈបញ្ជាការឯកភាពខេត្ត និង គណៈកម្មការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត បានចាត់កម្លាំងចុះកាត់ រុះរើជាបន្ទាន់ ដើម្បីបញ្ចៀសការកកស្ទះចរាចរណ៍ ដែលអាចបង្កជាឧបទ្ទវហេតុផ្សេងៗ បានរួចរាល់ហើយ នៅវេលាម៉ោង ១៩ និង ២០ នាទី ថ្ងៃទី ២៩ ខែមីនា ឆ្នាំ ២០២៣៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds