ពលរដ្ឋមួយចំនួននៅភ្នំពេញកំពុងជួបបញ្ហាខ្វះទឹកស្អាតប្រើប្រាស់ ខណៈរដ្ឋាករទឹកអះអាងថា ចាប់ពីដើមឆ្នាំក្រោយទៅនឹងមានទឹកប្រើប្រាស់គ្រប់គ្រាន់

(រាជធានីភ្នំពេញ)៖ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ(រ.ទ.ស.ភ)បានឱ្យដឹងថា នៅឆ្នាំ២០២៣នេះតម្រូវការប្រើប្រាស់ទឹកបានកើនឡើងជាង៨៩ម៉ឹនម៉ែត្រគូបក្នុងមួយថ្ងៃ ខណៈសមត្ថភាពផលិតទឹកជាក់ស្តែងមានប្រមាណតែ៦៤ម៉ឺនម៉ែត្រគូបក្នុងមួយថ្ងៃប៉ុណ្ណោះ នាំឱ្យការខ្វះទឹកផ្គត់ផ្គង់មានចំនួន២៥ម៉ឺនម៉ែត្រគូបក្នុងមួយថ្ងៃ។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋាករស្វយ័តក្រុងភ្នំពេញស្តីពី ស្ថានភាពផ្គត់ផ្គង់ទឹកក្នុងរដូវប្រាំងឆ្នាំ២០២៣ និងដំណោះស្រាយ ចេញនៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣។

ការបញ្ជាក់ដូច្នេះ បានធ្វើឡើងដោយសារចាប់ពីខែកុម្ភៈដល់ខែមីនា ឆ្នាំ២០២៣នេះ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញបានទទួលព័ត៌មានអំពីការមិនពេញចិត្តរបស់អតិថិជន ពាក់ព័ន្ធនឹងបញ្ហាខ្វះទឹកប្រើប្រាស់ ទឹកមានសម្ពាធខ្សោយ និងគ្មានទឹកក្នុងបណ្តាញទឹកជាដើម។ ចំពោះបញ្ហាទឹកមានសម្ពាធខ្សោយនេះ ភាគច្រើនកើតឡើងនៅក្នុងសង្កាត់ចំនួន៣១/១១៥ស្ថិតនៅជាយរាជធានីភ្នំពេញ។

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញបានបញ្ជាក់ថា ទុកកង្វល់របស់អតិថិជន គឺជាកង្វល់និងការទទួលខុសត្រូវរបស់ខ្លួន និងសូមអតិថិជនដែលជួបបញ្ហាទឹកស្អាតទាំងអស់មេត្តាយោគយល់អធ្យាស្រ័យ។ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញនឹងដោះស្រាយបញ្ហាខ្វះទឹកស្អាតប្រើប្រាស់បានក្នុងលក្ខណៈជាប្រព័ន្ធ និងជាជំហានៗចាប់ពីឧសភាឆ្នាំ២០២៣តទៅ។

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញបានបង្ហាញនូវក្តីសង្ឃឹមជឿជាក់ថា នៅដើមខែឧសភា ឆ្នាំ២០២៣នេះ រោងចក្រផលិតទឹកស្អាតថ្មីនឹងផលិតចែកចាយទឹកស្អាតបានក្នុងបរិមាណ២០ម៉ឺនម៉ែត្រគូបក្នុងមួយថ្ងៃ បន្ថែមលើសមត្ថភាពផលិតបច្ចុប្បន្ន៦៤ម៉ឺនម៉ែត្រក្នុងមួយថ្ងៃ ហេតុនេះរដ្ឋាកទឹករស្វយ័តក្រុងភ្នំពេញនឹងមានសមត្ថភាពផលិតទឹកបាន៨៤ម៉ឺនម៉ែត្រគូបក្នុងមួយថ្ងៃ ធៀបនឹងតម្រូវការទឹកស្អាត៨៩ម៉ឺនម៉ែត្រគូបក្នុងមួយថ្ងៃ។ ដូច្នេះមានន័យថា រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញបានដោះស្រាយបញ្ហាខ្វះទឹកស្អាតបានជាង៩០ភាគរយ។

ដោយឡែកចាប់ពីដើមឆ្នាំ២០២៤ សមត្ថភាពផលិតទឹកស្អាតរបស់រដ្ឋាកទឹករស្វយ័តក្រុងភ្នំពេញនឹងអាចផលិតទឹកស្អាតបាន២០ម៉ឺនម៉ែត្រក្នុងមួយថ្ងៃបន្ថែមទៀត ដែលធ្វើឱ្យសមត្ថភាពផលិតសរុបមានរហូតដល់ជាង១លានម៉ែត្រគូបក្នុងមួយថ្ងៃ។ ការណ៍នេះធៀបនឹងការព្យាករតម្រូវការទឹកដែលមានប្រមាណ៩០ម៉ឺនម៉ែត្រគូបក្នុងមួយថ្ងៃ ដូច្នេះអតិថិជនរស់នៅរាជធានីភ្នំពេញនិងក្រុងតាខ្មៅទាំងអស់នឹងមានទឹកប្រើប្រាស់គ្រប់គ្រាន់៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds