វិវាទការងារក្រុមហ៊ុនណាហ្គាវើលដ៍នៅតែគ្មានដំណោះស្រាយ ខណៈកិច្ចប្រជុំរវាងភាគីវិវាទឈានដល់២៣លើក
ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅរសៀលថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៣នេះ បានបន្តសម្របសម្រួលវិវាទការងាររួមនៅក្រុមហ៊ុនកាស៊ីណូណាហ្គាវើលដ៍ ដោយបានអញ្ជើញគូវិវាទទាំងខាងតំណាងបុគ្គលិក និងតំណាងក្រុមហ៊ុនមកជួបប្រជុំពិភាក្សាគ្នា។ នេះបើតាមសេចក្ដីជូនដំណឹងរបស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។
ប៉ុន្តែជាលទ្ធផលភាគីទាំងពីរនៅតែមិនទាន់អាចរកឃើញដំណោះស្រាយបាននៅឡើយ ព្រោះភាគីតំណាងបុគ្គលិក ឬតំណាងកម្មករនិយោជិតនៅតែបន្តទាមទារឱ្យយកបុគ្គលិកដែលត្រូវក្រុមហ៊ុនបញ្ឈប់ចូលធ្វើការងារវិញ ប៉ុន្តែតំណាងក្រុមហ៊ុនក៏នៅតែរក្សាជំហរមិនទទួលយកចូលធ្វើការវិញដដែល។
យ៉ាងណាក៏ដោយ ភាគីតំណាងបុគ្គលិក និងតំណាងក្រុមហ៊ុនបានឯកភាពកំណត់កាលបរិច្ឆេទប្រជុំបន្ទាប់ នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៣ខាងមុខ ដើម្បីបន្តរកដំណោះស្រាយលើវិវាទការងារដែលបានអូសបន្លាយជាង១ឆ្នាំនេះ៕