ឯកឧត្ដម ពេជ្រ ស្រស់៖បើឈ្នះឆ្នោត!គណបក្សយុវជននឹងប្រើកណ្ដាប់ដៃដែកចំពោះមន្រ្តីពុករលួយ
(រាជធានីភ្នំពេញ)៖ ឯកឧត្ដម ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា និងសមាជិកឧត្ដមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ ក្នុងសន្និសីទសារព័ត៌មាន អំពីការដាក់ចេញគោលនយោបាយថ្នាក់ជាតិរបស់គណបក្សយុវជនកម្ពុជានៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៣នេះ បានអះអាងថា បើសិនជាគណបក្សរបស់ឯកឧត្ដមឈ្នះឆ្នោតនឹងចាត់វិធានការយ៉ាងតឹងរ៉ឹងបំផុតចំពោះបុគ្គល ឬមន្រ្តីរាជការណាដែលប្រព្រឹត្តអំពើពុករលួយ។
យ៉ាងណា ប្រធានគណបក្សយុវជនកម្ពុជារូបនេះបញ្ជាក់ថា គោលនយោបាយលុបបំបាត់អំពើពុករលួយរបស់គណបក្សរបស់ឯកឧត្ដម មិនធ្វើឱ្យហួសហេតុដូចលោកឌូតឺតេ អតីតប្រធានាធិបតីប្រទេសហ្វីលីពីនទេ ប៉ុន្តែក៏មិនឱ្យធូររលុងជាងលោកឌូតេតឺពេកដែរ។
ឯកឧត្ដមនិយាយថា បើបក្សយុវជនឈ្នះឆ្នោត នៅពេលនោះ មន្រ្តីរាជការណាមួយដែលត្រូវរកឃើញថាបានប្រព្រឹត្តអំពើពុករលួយនឹងត្រូវបែងចែកជាកម្រិត ឬប្រភេទបទល្មើស ហើយនឹងត្រូវប្រឈមរងពិន័យមិនឱ្យធ្វើជាមន្រ្តីតជំនាន់ដល់ទៅ៣ជំនាន់។ ឯកឧត្ដម ពេជ្រ ស្រស់ ថា ធ្វើបែបនេះជាការព្រមានដល់មន្រ្តីផ្សេងៗទៀត។
គួរឱ្យដឹងថា បញ្ហាអំពើពុករលួយនៅតែជាបញ្ហាដែលចាក់ស្រែះនៅក្នុងសង្គមខ្មែរបច្ចុប្បន្ន បើទោះបីជារាជរដ្ឋាភិបាលប្ដេជ្ញា និងព្យាយាមលុបបំបាត់យ៉ាងណាក៏ដោយ។ ប្រជាពលរដ្ឋទូទៅតែងតែសំណូមពរដល់អាជ្ញាធរសមត្ថកិច្ចឱ្យអនុវត្តការងារប្រកបដោយភាពស្អាតស្អំ ក៏ជារឿយៗបញ្ហាពុករលួយនៅតែឃើញកើតឡើងជាបន្តបន្ទាប់ដដែល៕