ក្រសួងសុខាភិបាលបន្តរកឃើញអ្នកឆ្លងវីរុសកូវីដ-១៩ថ្មី៤នាក់ទៀត
ក្រសួងសុខាភិបាល នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣នេះ បានបញ្ជាក់ថា កាលពីថ្ងៃទី១០ ខែមករា ម្សិលមិញ កម្ពុជាបានបន្តរកឃើញអ្នកឆ្លងវីរុសកូវីដ-១៩ ថ្មីប្រភេទអូមីក្រុងចំនួន ០៤នាក់ទៀត (ជាករណីស្នើសុំវិញ្ញាបនបត្រចេញទៅក្រៅប្រទេស) តាមរយៈការធ្វើតេស្តដោយម៉ាស៊ីនPCR ។ ក្នុងថ្ងៃជាមួយគ្នា ក៏មានអ្នកជំងឺជាសះស្បើយថ្មីចំនួន០៩នាក់ ចំណែកអ្នកស្លាប់ថ្មីគឺពុំមាននោះទេ។
បើយោងតាមរបាយការណ៍របស់ក្រសួងសុខាភិបាល គិតត្រឹមថ្ងៃទី១១ ខែមករានេះ កម្ពុជាបានរកឃើញអ្នកឆ្លងវីរុសកូវីដ-១៩សរុបចំនួន ១៣៨,៦៤២នាក់ (អ្នកដំណើរមកពីបរទេសចំនួន ២១,២៤០នាក់) និងអ្នកឆ្លងវីរុសកូវីដ-១៩បំប្លែងខ្លួនថ្មីអូមីក្រុងក្នុងសហគមន៍សរុបចំនួន ១៦,៨១៨នាក់។ ដោយឡែក អ្នកជំងឺដែលជាសះស្បើយសរុបមានចំនួន ១៣៥,៥៦៥ នាក់ និងអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩សរុបមានចំនួន៣,០៥៦នាក់៕