ចុះត្រជាក់និងមានភ្លៀងធ្លាក់!ក្រសួងជូនដំណឹងឱ្យមន្ទីរទេសចរណ៍ត្រូវណែនាំភ្ញៀវទេសចរឱ្យបង្កើនការប្រុងប្រយ័ត្ន
ក្រសួងទេសចរណ៍ នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២៣នេះ បានជូនដំណឹងទៅដល់ប្រធានមន្ទីរទេសចរណ៍រាជធានី-ខេត្តទាំង២៥ទូទាំងប្រទេស ឱ្យផ្សព្វផ្សាយ និងណែនាំដល់ម្ចាស់មូលដ្ឋានអាជីវកម្ម សេវាកម្មទេសចរណ៍ ប្រតិបត្តិករទេសចរណ៍ និងភ្ញៀវទេសចរទាំងអស់ឱ្យបង្កើននូវការប្រុងប្រយ័ត្ន និងយកចិត្តទុកដាក់ខ្ពស់ ដោយសារ ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៧ ខែមករា កម្ពុជានឹងទទួលរងឥទ្ធិពលពីទ្រនុងសម្ពាធខ្ពស់(ចិន) និងខ្យល់មូសុងឦសានក្នុងកម្រិតពីខ្សោយទៅមធ្យម។ ឥទ្ធិពលនេះ នឹងធ្វើឱ្យតំបន់ទំនាបកណ្ដាល ខ្ពង់រាប និងតំបន់មាត់សមុទ្រអាចមានភ្លៀងធ្លាក់ក្នុងកម្រិតខ្សោយដោយអន្លើ។ ចំណេកតំបន់ខ្ពង់រាបចុះត្រជាក់ក្នុងកម្រិតខ្សោយនាពេលព្រឹក។
ការជូនដំណឹងរបស់ក្រសួងទេសចរណ៍នេះ គឺដើម្បីបញ្ចៀស កុំឱ្យភ្ញៀវទេសចរជួបគ្រោះថ្នាក់ដែលអាចអាចកើតឡើងជាយថាហេតុបង្កឡើងដោយការប្រែប្រួលអាកាសធាតុនេះ។ នេះបើតាមសេចក្ដីជូនដំណឹងរបស់ក្រសួងទេសចរណ៍៕