ក្រសួង​២ណែនាំ​ឱ្យ​អាជ្ញាធរ​ចាត់វិធានការ​ផ្លូវច្បាប់​​អ្នក​កាប់​ទន្ទ្រាន​ដុតដី​ព្រៃឈើ​រដ្ឋ

ក្រសួង​ចំនួន​ពីរ​រួមមាន ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ និង​ក្រសួង​បរិស្ថាន តាមរយៈ​សេចក្ដីជូនដំណឹង​រួមគ្នា នៅ​ថ្ងៃ​ទី​០៦ ខែ​មករា ឆ្នាំ​២០២៣​នេះ​បាន​ឱ្យដឹងថា ជា​រៀងរាល់ឆ្នាំ ធាតុអាកាស​ទូទៅ​នៅ​កម្ពុជា នៅ​រដូវប្រាំង​មាន​សភាព​ក្ដៅ​ហួតហែង ស្ងួត​ខ្លាំង ជា​កត្តា​ងាយ​បង្ក​ឱ្យ​មាន​ភ្លើង​ឆេះ​ព្រៃ​។ ក្រៅពី​បាតុភូតធម្មជាតិ​ដែល​អាច​បង្ក​ឱ្យ​មាន​ភ្លើង​ឆេះ​ព្រៃ ប្រការ​ដែល​គួរឱ្យ​ព្រួយបារម្ភ​នោះ គឺ​ភ្លើង​ឆេះ​ព្រៃ​ដែល​បង្កឡើង​ដោយសារ​សកម្មភាព​រប​ស់មនុស្ស​ផ្ទាល់​។ កត្តា​ចម្បង​ដែល បង្ក​ឱ្យ​មាន​ភ្លើង​ឆេះ​ព្រៃ​ញឹកញាប់​បំផុត​នា​រដូវប្រាំង ដូចជា ការ​កាប់ឆ្ការ​ដុត​រាន​ព្រៃ ដើម្បី​ដាំ​ដំណាំ​កសិកម្ម​ផ្សេងៗ ការ​ធ្វើ​កសិកម្ម​ពនេចរ ការទន្ទ្រាន​ដីព្រៃ​ដើម្បី​តាំង​លំនៅឋាន​ខុសច្បាប់ ការទន្ទ្រាន​កាន់កាប់​ដី​រដ្ឋ​ខុសច្បាប់ ការដុត​ព្រៃ​ដើម្បី​ចាប់​សត្វ ការ​បន្សល់​ដើម​ភ្លើង​នៅ​ក្នុង​ព្រៃ ដោយ​ការធ្វើ​ប្រហែស​របស់​មនុស្ស​ជា​ដើម​។​

​ក្រសួង​បាន​ណែនាំ​ដល់​អង្គភាព​ជំនាញ និង​អាជ្ញាធរ​ថ្នាក់ក្រោម​ជាតិ ក៏ដូចជា​សហគមន៍​ព្រៃឈើ និង​សហគមន៍​ពាក់ព័ន្ធ​ទាំងអស់​ឱ្យ​ចូលរួម​ទប់ស្កាត់​ការ​កាប់ឆ្ការ ទន្ទ្រាន ឈូសឆាយ ដុត​ព្រៃឈើ និង​ព្រៃ​លិច​ទឹក ដើម្បី​ពង្រីក​ផ្ទៃ​ដី​ដំណាំ​កសិកម្ម ឬ​ក្នុង​គោលបំណង​ផ្សេងៗ​ទៀត ដែល​ជា​សកម្មភាព​ល្មើសច្បាប់​។

ក្រសួង​ថា សកម្មភាព​ទាំងនេះ​បង្ក​ឱ្យ​មាន​ភ្លើង​ឆេះ​ព្រៃឈើ ព្រៃ​លិច​ទឹក និង​រាលដាល​ដល់​ភូមិករ​របស់​ប្រជាពលរដ្ឋ តំបន់​រដ្ឋបាល​សាធារណៈ ហេដ្ឋារចនាសម្ព័ន្ធ រូបវន្ត​នានា នៅក្នុង​ឬ​ជុំវិញ​សហគមន៍​ព្រៃឈើ សហគមន៍​នេសាទ សហគមន៍​តំបន់ការពារធម្មជាតិ តំបន់ការពារធម្មជាតិ និង​របៀង​អភិរក្ស​ជីវៈចម្រុះ​។​

​ជាមួយគ្នា ក្រសួង​ទាំង​ពីរ​បាន​ណែនាំ​ឱ្យ​អប់រំ ផ្សព្វផ្សាយ និង​ណែនាំ​ដល់​ប្រជា​សហគមន៍​ឱ្យមាន​ការប្រុងប្រយ័ត្ន​ខ្ពស់​ក្នុង​ការប្រើប្រាស់​ភ្លើង​សម្រាប់​ជា​មធ្យោបាយ ដើម្បី​ចម្អិន​អាហារ ការយក​ឃ្មុំ ការដុត​ស្មៅ​ព្រៃ ការដុត​ស្ទាក់​ចាប់​សត្វ និង​ការប្រមូល​ផល​អនុផល​ព្រៃឈើ​ជាដើម​។​

​ក្នុង​ករណី​ចាំបាច់​ដែល​ត្រូវ​ប្រើ​ភ្លើង​ជា​មធ្យោបាយ​ក្នុង​ការដុត​កាកសំណល់​ឈើ​ព្រៃ ក្រោម​គោលបំណង​ដាំ​ដំណាំ​កសិកម្ម និង​សកម្មភាព​ស្របច្បាប់​ផ្សេងទៀត ក្រសួង​ណែនាំ​ឱ្យ​ជូនដំណឹង​ដល់​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ មន្ទីរ​បរិស្ថាន​រាជធានី​-​ខេត្ត​សាមី ដែល​ជា​សមត្ថកិច្ច ដើម្បី​ណែនាំ​អនុវត្ត​វិធានការ​បច្ចេក​ទេ​សមស្រប​ដែល​អាច​ធានា​សុវត្ថិភាព​ចំពោះ​ភ្លើង​ព្រៃ​។​

​ចំពោះ​ការរុករក​ផល អនុផល​ព្រៃឈើ​ជា​ប្រពៃណី និង​សកម្មភាព​ផ្សេង​ទៀត​ដែល​ចាំបាច់​ត្រូវ​ប្រើ​ភ្លើង​ជា​មធ្យោបាយ​សម្រាប់​ដុត​រណ្ដៅជ័រ ក្រសួង​ណែនាំ​ដល់​មន្ទីរ​កសិកម្ម និង​មន្ទីរ​បរិស្ថាន​រាជធានី​-​ខេត្ត ត្រូវ​ណែនាំ​អ្នកពាក់ព័ន្ធ​ឱ្យ​ពន្លត់ភ្លើង​ឱ្យអស់​ជា​ចាំបាច់​មុនពេល​ចាកចេញ​ពី​ដើមឈើ​ច្បោះ​ជ័រ ឬ​ទីតាំង​ដែល​ប្រើ​ភ្លើង​នោះ​។​

​បន្ថែម​ពី​នេះ ក្រសួង​បាន​ណែនាំ​ឱ្យ​រៀបចំ​ជា​ផ្លូវ​ភ្លើង​ព្រៃ ដើម្បី​ការពារ​ការឆេះ​រាលដាល​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយទៀត និង​ចូលរួម​ចាត់វិធានការ​ថែរក្សា​ទឹក​ទុក​ឱ្យ​បានល្អ សម្រាប់​ប្រើប្រាស់​ប្រចាំថ្ងៃ និង​ក្នុង​ករណី​មាន​ភ្លើង​ឆេះ​ព្រៃ​ជាយថាហេតុ​។ ប៉ុន្តែ​បើ​ក្នុង​ករណី​កើតមាន​ភ្លើង​ឆេះ​ព្រៃ ក្រសួង​ណែនាំ​ឱ្យ​ប្រញាប់​ចាត់វិធានការ​ទប់ស្កាត់​ជាបន្ទាន់​តាមរយៈ​ការប្រកាសអាសន្ន ហើយ​គណៈបញ្ជាការ​ឯកភាព​រាជធានី​-​ខេត្ត ត្រូវ​ដឹកនាំ​បញ្ជា​ផ្ទាល់​ក្នុងការ​ប្រើ​កម្លាំង​សរុប ដែល​ឈរជើង​នៅក្នុង​មូលដ្ឋាន​នោះ រួម​គ្នា​ទប់ស្កាត់ និង​ពន្លត់​ភ្លើងព្រៃ​ឱ្យមាន​ប្រសិទ្ធភាព​។​

​ជាងនេះទៅទៀត ក្រសួង​កសិកម្ម និង​ក្រសួង​បរិស្ថាន​បាន​ណែនាំ​ដល់​មន្ទីរ​កសិកម្ម និង​មន្ទីរ​បរិស្ថាន​រាជធានី​-​ខេត្ត​ទាំងអស់​ត្រូវ​ចាត់វិធានការ​ផ្លូវច្បាប់​ចំពោះ​អ្នក​ដែល​បាន​កាប់​រុករាន ដុត​ព្រៃ និង​កាន់កាប់​ព្រៃឈើ​ដែល​ឆេះ ដោយ​អនាធិបតេយ្យ​ដែល​ផ្ទុយ​នឹង​ច្បាប់ និង​បទបញ្ជា​នានា​របស់​រាជរដ្ឋាភិបាល​។​

​លើសពីនេះ ក្រសួង​ក៏​បាន​ណែនាំ​ដល់​ណែនាំ​ដល់​មន្ទីរ​កសិកម្ម និង​មន្ទីរ​បរិស្ថាន​រាជធានី​-​ខេត្ត​ទាំងអស់​ត្រូវ​សហការ​ជាមួយ​អាជ្ញាធរ​ដែនដី​ក្នុង​ការហាមឃាត់​ការចូល​ប្រើប្រាស់​ដី​ព្រៃឈើ និង​ព្រៃ​លិច​ទឹក ដែល​បាន​ឆេះ​រួច ដើម្បី​ទុក​លទ្ធភាព​ឱ្យ​រុក្ខជាតិ​ដុះ​ឡើងវិញ តាម​លក្ខណៈ​ធម្មជាតិ ឬ​ដាំ​ស្ដារ​ព្រៃឈើ​ឡើងវិញ​។

ក្រសួងទាំងពីរបញ្ជាក់ទៀតថា ជនណាដែលបានប្រព្រឹត្ត ឬបង្កឱ្យមានភ្លើងឆេះព្រៃ ឬភ្លើងឆេះព្រៃលិចទឹកដោយចេតនា ត្រូវផ្ដន្ទាទោសក្រោមបទល្មើសព្រៃឈើថ្នាក់ទី១ ឬបទល្មើសជលផលថ្នាក់ទី១ ដែលត្រូវជាប់ពន្ធនាគារពី៥ឆ្នាំទៅ១០ឆ្នាំ ឬពី៣ឆ្នាំទៅ៥ឆ្នាំ។ ដោយឡែក តាមមាត្រា៦២ នៃច្បាប់ស្ដីពីតំបន់ការពារធម្មជាតិបានចែងថា ការបង្កឱ្យមានភ្លើងឆេះព្រៃដោយចេតនាជាបទល្មើសធនធានធម្មជាតិ ថ្នាក់ទី៤ ដែលត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី៥ឆ្នាំទៅ១០ឆ្នាំ និងផាកពិន័យជាប្រាក់ពី១៥លានរៀលទៅ១៥០លានរៀល៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds