ឆ្នាំ២០២២៖ ឃាត់ខ្លួនមនុស្សជាង១ម៉ឺននាក់ពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀន

ក្នុងរយៈពេលពេញមួយឆ្នាំ២០២២ កម្លាំងសមត្ថកិច្ចបានបង្ក្រាបបទល្មើសគ្រឿងញៀនសរុបចំនួន៦,២៩០ករណី ដោយឃាត់ខ្លួនមនុស្សបាន១៤,៧៨៤នាក់ ក្នុងនោះមានជនបរទេសចំនួន២៥៩នាក់ ដោយមានស្រី៣៣នាក់ និងមាន៩សញ្ជាតិផ្សេងគ្នា។ នេះបើយោងទៅតាមរបាយការណ៍របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន។

ក្នុងចំណោមការបង្ក្រាបសរុបទាំង៦,២៩០ករណី និងឃាត់ខ្លួនមនុស្សចំនួន១៤,៧៨៤នាក់នេះ រួមមានករណីជួញដូរចំនួន៣,០៩៧ករណី ឃាត់ខ្លួន៦,១២០នាក់ ក្នុងនោះស្រីចំនួន៤៨៣នាក់។ ដោយឡែកសម្រាប់ករណីដឹកជញ្ជូនរក្សាទុកមានចំនួន១,០៩៤ករណី ឃាត់ខ្លួន១,៧៧៨នាក់ ស្រី១០១នាក់ ករណីផលិតនិងកែច្នៃមានចំនួន១០ករណី ឃាត់ខ្លួន៣៤នាក់។ ករណីចាត់ចែងនិងសម្របសម្រួលមានចំនួន១២ករណី ឃាត់ខ្លួន២១នាក់ ស្រី៣នាក់ ដោយករណីដាំដុះ មានចំនួន៣២ករណីឃាត់ខ្លួនចំនួន៥នាក់ផងដែរ។ ចំពោះករណីបើកបរក្រោមឥទ្ធិពលគ្រឿងញៀនចំនួន៣៨ករណី ឃាត់ខ្លួន៣៩នាក់ និងករណីប្រើប្រាស់ចំនួន ២,០០៧ករណី ឃាត់ខ្លួន៦,៧៨៧នាក់ ស្រី៣៦០នាក់។ជាមួយគ្នានេះ ក៏មានករណីអនុវត្ដន៍ដីកាតុលាការផងដែរ ដោយមានចំនួន៤៨៨ដីកា ចាប់ខ្លួន៤២៩នាក់ ដែលមានស្រីចំនួន១៣នាក់។

របាយការណ៍ដដែលបញ្ជាក់ថា ក្នុងឆ្នាំ២០២២ កម្លាំងសមត្ថកិច្ចបានបង្ក្រាប និងរឹបអូសបានសារធាតុញៀនគ្រប់ប្រភេទជាង១៤តោន, កញ្ឆាចំនួនជាង៦ម៉ឺនដើម, កញ្ឆាសួតជាង៤៥គីឡូក្រាម និងសារធាតុផ្សំគីមីជាង៥០០តោន។ សម្ភារៈចាប់បានយកមានរថយន្ត១៤៤គ្រឿង ម៉ូតូ១៤៣៦គ្រឿង, ទូរស័ព្ទ៥,៤១១គ្រឿង, ជញ្ជីងថ្លឹង៣៩៥គ្រឿង, អាវុធខ្លី២៩ដើម និងអាវុធវែង៦៤ដើម(កែច្នៃ៣៩ដើម)គ្រាប់បែក៥គ្រាប់, ប្រាក់រៀលជាង៤១លានរៀល, ប្រាក់ដុល្លារជាង៥ម៉ឺនដុល្លារ, ប្រាក់បាតជិត៤ម៉ឺនបាត, ប្រាក់វៀតណាម២៨លានដុង និងប្រាក់យ័នចិន៧០០យ័ន។

ចំពោះការបង្ក្រាបបទល្មើសគ្រឿងញៀនសម្រាប់ឆ្នាំ២០២២ធៀបនឹងឆ្នាំ២០២១ ចំនួនបទល្មើសដែលសមត្ថកិច្ចបង្ក្រាបបានមានចំនួនប្រហាក់ប្រហែលគ្នា ប៉ុន្តែបើសង្កេតមើលចំនួនសារធាតុញៀនដែលរឹបអូសបាន នៅឆ្នាំ២០២២ មានចំនួនច្រើនជាងដល់ទៅ១០តោនឯណោះ ដោយកាលពីឆ្នាំ២០២១រឹបអូសបានតែជាង៤តោនទេ ប៉ុន្តែឆ្នាំ២០២២មានចំនួនសរុបរហូតដល់១៤តោន។

សូមជម្រាបថា កាលពីឆ្នាំ២០២១ កម្លាំងសមត្ថកិច្ចបានបង្ក្រាបករណីគ្រឿងញៀនចំនួន៦២៤២ករណី ឃាត់ខ្លួនមនុស្ស១៣,៧៦៥នាក់(ស្រី៨០២នាក់) ដោយដកហូតសារធាតុញៀនជាង៤តោន៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds