សេចក្ដីព្រាងច្បាប់ចរាចរណ៍ផ្លូវគោកថ្មីនឹងត្រូវដាក់ទៅគណៈរដ្ឋមន្រ្តីពិនិត្យឆ្លងនៅដើមខែនេះ

មន្រ្តីជាន់ខ្ពស់ក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា សេចក្ដីព្រាងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោកថ្មី នឹងត្រូវដាក់បញ្ចូនទៅគណៈរដ្ឋមន្រ្តី ដើម្បីពិនិត្យឆ្លងនៅដើមខែមករានេះ ក្រោយពីសេចក្ដីព្រាងច្បាប់ថ្មីនេះបានបញ្ចប់ការពិគ្រោះយោបល់ និងពិភាក្សា កាលពីចុងឆ្នាំ២០២២កន្លងទៅ។

សេចក្ដីព្រាងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោកថ្មី នឹងត្រូវដាក់បញ្ចូនទៅគណៈរដ្ឋមន្រ្តីដើម្បីពិនិត្យឆ្លងនៅដើមខែមករា ឆ្នាំ២០២៣នេះ ក្រោយពីសេចក្ដីព្រាងច្បាប់ថ្មីនេះបានបញ្ចប់នូវការពិគ្រោះយោបល់ និងពិភាក្សាពីសំណាក់ថ្នាក់ដឹកនាំរបស់គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកកាលពីចុងឆ្នាំ២០២២កន្លងទៅ។ នេះបើតាមការបញ្ជាក់របស់លោកហ៊ាង សុទ្ធាយុត្តិ អ្នកនាំពាក្យក្រសួងសាធារណការនិងដឹកជញ្ជូន ថ្លែងប្រាប់វិទ្យុវាយោ នៅថ្ងៃទី០៣ ខែមករានេះ។

អ្នកនាំពាក្យដដែលបន្ថែមថា សេចក្ដីព្រាងច្បាប់ចរាចរណ៍ផ្លូវគោកថ្មី ដែលនឹងត្រូវជំនួសឱ្យច្បាប់ចាស់ដែលកំពុងអនុវត្តជាធរមានសព្វថ្ងៃនេះ មានការកែសម្រួលចំណុចជាច្រើន ដើម្បីបត់បែនទៅតាមការអភិវឌ្ឍរបស់សេដ្ឋកិច្ច-សង្គមកម្ពុជា ជាក់ស្ដែងដូចជា ការស្ថាបនាផ្លូវល្បឿនលឿនជាដើម។

ចំពោះការរឹតបន្តឹងលើការអនុវត្ត សេចក្ដីព្រាងច្បាប់ចរាចរណ៍ផ្លូវគោកថ្មីនេះ ក៏នឹងផ្ដោតសំខាន់លើការពិនិត្យសារធាតុញៀនចំពោះអ្នកបើកបរផងដែរ ព្រោះកន្លងទៅមិនទាន់ការដាក់បញ្ចូលកាតព្វកិច្ចធ្វើតេស្តសារធាតុញៀនលើអ្នកបើកបរនៅឡើយទេ។

លោកហ៊ាង សុទ្ធាយុត្ដិ បង្ហើបទៀតថា តាមការប្រជុំសម្រេចចុងក្រោយ សេចក្ដីព្រាងច្បាប់ចរាចរណ៍ផ្លូវគោកថ្មីនេះនឹងអាចមានការបំបែកមាត្រាចន្លោះពី៩០ទៅ១០០មាត្រា ដើម្បីងាយស្រួលក្នុងការអនុវត្តឱ្យឆ្លើយតបជាមួយនឹងតម្រូវការសង្គម ជាពិសេសដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds