ប្រតិបត្ដិការជួយសង្រ្គោះនិងរុករកអ្នកបាត់ខ្លួនក្នុងករណីឆេះកាស៊ីណូនៅប៉ោយប៉ែតកំពុងបន្ត!
(ខេត្តបន្ទាយមានជ័យ)៖ ហេតុការណ៍អគ្គិភ័យឆាបឆេះអគារកាស៊ីណូដាយមិន ស្ថិតក្នុងភូមិប៉ោយប៉ែត សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កម្លាំងសមត្ថកិច្ចអាចគ្រប់គ្រងស្ថានការណ៍បានទាំងស្រុងហើយ គិតត្រឹមព្រឹកថ្ងៃទី៣០ ខែធ្នូនេះ។
បើតាមការឱ្យដឹងពីលោក សេក សុខុម អ្នកនាំពាក្យសាលាខេត្ដបន្ទាយមានជ័យ បញ្ជាក់ថា ក្រុមរុករក ជួយសង្រ្គោះ បានរកឃើញសាកសពប្រមាណ២០នាក់ និងរងរបួសធ្ងន់ស្រាលបានបន្តរកឃើញជាបន្តបន្ទាប់ទៀត។ អ្នកនាំពាក្យរូបនេះបានឱ្យដឹងដែរថា សាកសពដែលបានរកឃើញកាលពីថ្ងៃទី២៩ ខែធ្នូ គឺបានធ្វើកោសល្យបច័យរួចរាល់ហើយ។
អ្នកនាំពាក្យដដែលបានគូសបញ្ជាក់ថា អ្នករងរបួសក្នុងហេតុការណ៍ឆាបឆេះនេះ មានទាំងជនជាតិខ្មែរ និងជនបរទេស ហើយភាគច្រើនជាជនជាតិថៃ។ លោកគូសបញ្ជាក់ថា អ្នករងគ្រោះទាំងនេះបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗតែម្តង។
បើយោងតាមទំព័រហ្វេសប៊ុករបស់លោក អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ នាថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២២ លោកបានបញ្ជាក់ឱ្យដឹងដែរថា ក្រុមរុករក និងសង្គ្រោះទាំងកម្ពុជា និងថៃ បានកំពុងបន្តប្រតិបត្តិការរុករកបន្តទៀត នៅក្នុងអគារកាស៊ីណូ ដែលរងការឆាបឆេះធ្ងន់ធ្ងរមិនធ្លាប់មាននៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
ជាការកត់សម្គាល់ ក្នុងប្រតិបត្តិការពន្លត់អគ្គិភ័ និងជួយសង្រ្គោះជនរងគ្រោះនេះ គឺមានការចូលរួមពីគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្ដរាយ សហការជាមួយកងប្រតិបត្តិការរុករក និងសង្គ្រោះ ៧១១ នៃកងពលតូចលេខ៧០, កម្លាំងអាជ្ញាធរខេត្តមាន នគរបាល អាវុធហត្ថ និងយោធា ព្រមទាំងមានការចូលរួមពីកងកម្លាំងសមត្ថកិច្ចរបស់ថៃផងដែរ។
គួរជម្រាបថា ករណីអគ្គិភ័យដែលឆាបឆេះអគារកាស៊ីណូដាយមិន ក្រុងប៉ោយប៉ែតនេះ កើតឡើងនៅអំឡុងម៉ោង១១.៤០នាទីយប់ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២ ខណៈមូលហេតុដែលឆាបឆេះ ត្រូវបានគេរាយការណ៍ជំហ៊ានដំបូងថា អាចឆ្លងចរន្ដអគ្គិសនីនៅទីតាំងហ្គេមជាន់ក្រោម៕