ខេត្តកណ្ដាលជាប់ជ័យលាភីជាខេត្តបញ្ចប់ការបន្ទោបង់ពាសវាលពាសកាលមុនឆ្នាំ២០២៣

ក្រសួងអភិវឌ្ឍន៍ជនបទ នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២នេះ បានប្រកាសទទួលស្គាល់ខេត្តកណ្ដាលជាខេត្តបានបញ្ចប់ការបន្ទោបង់ពាសវាលពាសកាលទាំងស្រុង បន្ទាប់ពីខេត្តស្វាយរៀង និងខេត្តព្រៃវែង ដែលជាខេត្តប្រជាជនមានបង្គន់ប្រើប្រាស់គ្រប់ៗលំនៅឋាន។

ក្រុង និងស្រុកទាំង១១ក្នុងខេត្តកណ្ដាល បានបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល ក្នុងនោះ ក្រុមគ្រួសាររបស់ប្រជាពលរដ្ឋរស់នៅតាមដងទន្លេ និងតំបន់ងាយលិចទឹក ក៏កំពុងសាងសង់បង្គន់នៅតាមផ្ទះបន្ថែមផងដែរ។ ប្រការនេះធ្វើឱ្យខេត្តកណ្ដាលបញ្ចប់នូវការបន្ទោបង់ពាសវាលពាសកាល១០០ភាគរយ នៅត្រឹមចុងឆ្នាំ២០២២នេះ។ ពោល ប្រជាជនក្នុងខេត្តកណ្ដាលទាំង១,៣២៣,០០៨នាក់ កំពុងរស់នៅខេត្តដែលមានបរិស្ថានអនាម័យល្អ និងគ្មានការបន្ទោបង់ពាសវាលពាសកាលទៀតឡើយ។

លោកឆាត់ សុភាព នាយកអង្គការវ័តធឺអេតប្រចាំកម្ពុជា បាននិយាយថា “ពួកយើងយល់ថា កត្តាដ៏សំខាន់មួយដែលរួមចំណែកដល់បញ្ចប់ការបន្ទោបង់ពាសវាលពាសកាលក្នុងខេត្តកណ្ដាល គឺការប្ដេជ្ញាចិត្ត និងការដឹកនាំរបស់អាជ្ញាធរថ្នាក់ខេត្ត និងមូលដ្ឋាន ព្រមទាំងកិច្ចសហប្រតិបត្តិការពហុភាគី។ កត្តាសំខាន់មួយនេះ ជំរុញឱ្យការវិនិយោគពីវិស័យឯកជនដើម្បីកែលម្អសេវា និងសម្ភារៈទឹកស្អាត និងអនាម័យសម្រាប់បុគ្គលិក និងកម្មកររបស់ខ្លួន ក៏មានសារសំខាន់ផងដែរក្នុងការជំរុញ និងបន្តនិរន្តភាពនៃការផ្លាស់ប្ដូរឥរិយាបថ ជុំវិញបញ្ហាទឹកស្អាត និងអនាម័យ ព្រមទាំងបង្កើតផលិតភាពទាំងនៅកន្លែងធ្វើការ និងនៅផ្ទះ។

គួរជម្រាបថា កាលពីដើមឆ្នាំ២០២២ ក្រសួងអភិវឌ្ឍន៍ជនបទបានកំណត់ខេត្តគោលដៅចំនួន៥ ដែលត្រូវបញ្ចប់ការបន្ទោបង់ពាសវាលពាសកាលត្រឹមឆ្នាំ២០២៣ ហើយក្នុងនោះ ខេត្តកណ្ដាលមិនស្ថិតនៅក្នុងបញ្ជីខេត្តទាំង៥នោះទេ។ ប៉ុន្តែបច្ចុប្បន្ន អត្រាស្ថានភាពអនាម័យនៅក្នុងខេត្តកណ្ដាលមានចំនួន៨៣,៨ភាគរយ ជារួមសេសសល់គ្រួសារប្រជាជនចំនួន១៦,២ភាគរយទៀតប៉ុណ្ណោះ(២១៤,៧៦៤នាក់)ដែលនៅបន្ទោបង់ពាសវាលពាសកាល៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds