អង្គការWWFអំពាវនាវឱ្យចាត់វិធានការបន្ទាន់ ក្រោយផ្សោត២ក្បាលងាប់ដោយសារជាប់មងនេសាទ

រយៈពេល៥ថ្ងៃប៉ុណ្ណោះ សត្វផ្សោតចំនួនពីរក្បាលនៅក្នុងទន្លេមេគង្គបានស្លាប់បាត់បង់ជីវិត ដោយក្នុងនោះ ​​សត្វផ្សោតញីពេញវ័យមួយក្បាលត្រូវបានគេប្រទះឃើញស្លាប់នៅឃុំកោះទ្រុង ក្រុងក្រចេះ ខេត្តក្រចេះ កាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២។ ចំណែកសាកសពសត្វផ្សោតឈ្មោលពេញវ័យមួយក្បាលទៀត ត្រូវបានគេប្រទះឃើញអណ្តែតតាមទឹកទន្លេ ក្បែរអន្លង់កោះដំបង ត្រង់ទីតាំងព្រំប្រទល់រវាងខេត្តក្រចេះ និងខេត្តស្ទឹងត្រែង កាលពីថ្ងៃទី១៨ធ្នូ។ សត្វផ្សោតពេញវ័ញទាំងពីរក្បាលនេះ បានស្លាប់ដោយសារជាប់នឹងមងនេសាទ។

បើតាមរបាយការណ៍របស់អង្គការមូលនិធិ​សត្វព្រៃ​ពិភពលោកWWF បញ្ជាក់ថា ក្នុងឆ្នាំ២០២២នេះ មានសត្វផ្សោតចំនួន១០ក្បាល ដែលបានស្លាប់បាត់បង់ជីវិត ដែលជាសញ្ញាគួរ​ឱ្យ​ព្រួយបារម្ភយ៉ាងខ្លាំង។ ជាមួយគ្នា អង្គការWWF បានអំពាវនាវដល់អាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ឱ្យរៀបចំដាក់ចេញនូវវិធានការបន្ទាន់ ដោយត្រូវចុះបង្រ្កាបចំពោះការនេសាទខុសច្បាប់ រាប់ទាំងការប្រើមងនេសាទ និងឧបករណ៍ឆក់ ដើម្បីថែរក្សការពារសត្វផ្សោតកុំឱ្យស្លាប់បន្តទៀត។

សូមបញ្ជាក់ថា សត្វផ្សោតទន្លេមេគង្គ ត្រូវបានចុះក្នុងបញ្ជីក្រហមរបស់អង្គការ IUCN ជាប្រភេទសត្វកំពុងរងគ្រោះថ្នាក់ជិតផុតពូជ។ បើយោងតាមរបាយការណ៍ជំរឿនសត្វផ្សោតឆ្នាំ២០២០ បានបង្ហាញថាសត្វផ្សោតមានត្រឹមតែ៨៩ក្បាលប៉ុណ្ណោះ ដែលកំពុងរស់នៅក្នុងទន្លេមេគង្គរបស់កម្ពុជា៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds