រកឃើញអ្នកឆ្លងវីរុសកូវីដ-១៩ថ្មី១៧នាក់ និងមានអ្នកជាសះស្បើយ២២នាក់
ក្រសួងសុខាភិបាលបន្តរកឃើញអ្នកឆ្លងវីរុសកូវីដ-១៩បំប្លែងខ្លួនប្រភេទអូមីក្រុងចំនួន១៧នាក់បន្ថែមទៀត កាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២ តាមរយៈការធ្វើតេស្តសំណាកដោយម៉ាស៊ីនPCR ក្នុងនោះរួមមាន១៥នាក់ ជាអ្នកឆ្លងក្នុងសហគមន៍ និង២នាក់ជាអ្នកដំណើរមកពីបរទេស។ ជាមួយគ្នា ក៏មានអ្នកជំងឺចំនួន២២នាក់ បានជាសះស្បើយឡើងវិញ និងគ្មានអ្នកជំងឺស្លាប់ថ្មីឡើយ។ នេះបើយោងតាមរបាយការណ៍របស់ក្រសួងសុខាភិបាល ចេញផ្សាយនៅថ្ងៃទី២៣ធ្នូនេះ។
គិតមកទល់ពេលនេះ កម្ពុជាបានរកឃើញអ្នកឆ្លងវីរុសកូវីដ-១៩សរុបកើនដល់១៣៨,៤៨៤នាក់ ក្នុងនោះរួមមាន អ្នកដំណើរមកពីបរទេសសរុបចំនួន២១,២៣៨នាក់ និងអ្នកឆ្លងវីរុសកូវីដ-១៩អូមីក្រុងក្នុងសហគមន៍សរុបចំនួន១៦,៦៦២នាក់។ ដោយឡែក អ្នកស្លាប់ដោយសារវីរុសកូវីដ-១៩មានចំនួន៣,០៥៦នាក់ដដែល៕