កម្ពុជាកំពុងសិក្សាគម្រោងស្ថាបនាផ្លូវដែកល្បឿនលឿនភ្នំពេញ-ខេត្តព្រះសីហនុ និងទៅព្រំដែនថៃ
សម្ដេចតេជោ ហ៊ុន សែន បានបង្ហើបនៅក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ផ្លូវលេខ១៤៦B តភ្ជាប់ទៅផ្លូវលេខ១៤៨ ក្នុងខេត្តព្រះសីហនុ នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២នេះថា កម្ពុជាកំពុងសិក្សាលើគម្រោងស្ថាបនាផ្លូវដែកល្បឿនលឿនពីរាជធានីភ្នំពេញទៅកាន់ខេត្តព្រះសីហនុ និងពីរាជធានីភ្នំពេញទៅកាន់ព្រំដែនប្រទេសថៃ។
សម្ដេចនាយករដ្ឋមន្រ្តីបញ្ជាក់ថា បើសិនរដ្ឋាភិបាលសម្រេចចិត្តសាងសង់ផ្លូវដែកល្បឿនលឿននេះ គឺមិនចំណាយពេលវេលាយូរនោះទេ ដោយសារតែកម្ពុជាមានផ្លូវដែកចាស់រួចស្រេច។ ជាក់ស្ដែង គម្រោងសាងសង់ផ្លូវដែកល្បឿនលឿននេះ ត្រូវបានលោកលី ខឺឈាង នាយករដ្ឋមន្រ្តីចិន លើកឡើង ក្នុងការចរចាគ្នា កាលពីថ្ងៃទី០៩ ខែវិច្ឆិកាកន្លងទៅផងដែរ។
សូមស្ដាប់ប្រសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន៖
ជាមួយគ្នា សម្ដេចតេជោបញ្ជាក់ទៀតថា កម្ពុជាក៏នឹងត្រូវស្ថាបនាផ្លូវដែកល្បឿនលឿននៅកន្លែងដទៃទៀត។ ប្រមុខរាជរដ្ឋាភិបាលសង្កត់ធ្ងន់ថា រដ្ឋាភិបាលត្រូវខិតខំតភ្ជាប់ផ្ទៃក្នុងឱ្យរឹងមាំ ដើម្បីបម្រើឱ្យការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម។ លោកថា បើដោះស្រាយបញ្ហានេះបាន នោះកម្ពុជានឹងអាចឈានដល់ការកាត់បន្ថយការលំបាករបស់ប្រជាជន ក្នុងន័យកាត់បន្ថយភាពក្រីក្រ និងជួយបង្កើនប្រាក់ចំណូលរបស់ប្រជាជន។
បច្ចុប្បន្នកម្ពុជាមានផ្លូវដែកសំខាន់ៗចំនួន២ខ្សែ រួមមាន៖ ទី១.ផ្លូវដែកពីរាជធានីភ្នំពេញភ្នំពេញទៅខេត្តព្រះសីហនុ និងទី២.ផ្លូវដែកពីរាជធានីភ្នំពេញទៅកាន់ខេត្តបន្ទាយមានជ័យ៕