រកឃើញសពយោធាថៃ៦នាក់ខណៈ២៣នាក់បន្តបាត់ខ្លួននៅឡើយ ក្រោយនាវាចម្បាំងមួយគ្រឿងបានលិច
(ប្រទេសថៃ)៖ កងទ័ពជើងទឹកថៃកំពុងបន្តប្រតិបត្តិការរុករក និងជួយសង្រ្គោះរបស់ពួកគេយ៉ាងសកម្មដដែល នាថ្ងៃពុធនេះ ដែលជាថ្ងៃទី៣ហើយ ក្រោយឧបទ្ទវហេតុលិចនាវាចម្បាំង នៅឯឈូងសមុទ្រថៃ កាលពីយប់ថ្ងៃអាទិត្យចុងសប្តាហ៍កន្លងទៅ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃពុធ ទី២១ ខែធ្នូ ឆ្នាំ២០២២។
យោធាជើងទឹកថៃបានឱ្យដឹងថា មកទល់ពេលនេះ នាវិកសរុប៧៥នាក់ត្រូវបានជួយសង្រ្គោះ ក្រោយការលិចនាវាចម្បាំងធុនតូច ឈ្មោះ អេកធីអឹមអេស សុខោទ័យ (HTMS Sukhothai) ដោយម្នាក់ត្រូវបានរកឃើញនៅរស់រានមានជីវិត កាលពីថ្ងៃអង្គារ នៅចម្ងាយ៦០គីឡូម៉ែត្រ ពីកន្លែងដែលនាវាបានលិច ខណៈក្នុងថ្ងៃជាមួយគ្នានោះ សាកសពនាវិក៦នាក់ ក៏ត្រូវបានរកឃើញផងដែរ។ ដូច្នេះហេតុនៅសល់នាវិក២៣នាក់ ដែលកំពុងបន្តបាត់ខ្លួន។
គួរបញ្ជាក់ថា នាវាចម្បាំង សុខោទ័យ ដែលមានផ្ទុកនាវិកសរុប១០៥នាក់ បានជួបបញ្ហាគាំងគ្រឿងម៉ាស៉ីន ហើយលិចនៅចម្ងាយខ្ទង់ ៣៧គីឡូម៉ែត្រពីខេត្តប្រជួបគីរីខន្ធ (Prachuap Khiri Khan) ភាគខាងត្បូងប្រទេសថៃ កាលពីវេលាម៉ោងប្រហែល ១១៖៣០នាទីយប់ថ្ងៃអាទិត្យកំលុងពេលមានព្យុះបោកបក់ខ្លាំង។ យោធាថៃបានចល័តនាវា យន្តហោះ និងឧទ្ធម្ភាគចក្រ ជាច្រើនគ្រឿង សម្រាប់ប្រតិបត្តិការរុករកនិងជួយសង្រ្គោះ៕