គ្រោះបំណាក់ដីនៅម៉ាឡេស៊ី៖ មនុស្សជាង១០នាក់ស្លា.ប់ និង៥១នាក់បាត់ខ្លួន
(ប្រទេសម៉ាឡេស៊ី)៖ ទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយជាតិរបស់ម៉ាឡេស៊ីបាននិយាយថា មនុស្សជាង ១០នាក់បានស្លាប់ និងជាង ៥០នាក់នៅបាត់ខ្លួន បន្ទាប់ពីបំណាក់ដីបានវាយប្រហារទីតាំងបោះជំរំក្បែរតំបន់ Genting Highlands ក្នុងរដ្ឋ Selangor នៅជាយរដ្ឋធានីគូឡាឡំពួរនៅព្រឹកថ្ងៃសុក្រនេះ ហើយកិច្ចខិតខំប្រឹងប្រែងស្វែងរកកំពុងបន្ត។
នាយកដ្ឋានពន្លត់អគ្គិភ័យរបស់ម៉ាឡេស៊ីបាននិយាយថា មនុស្សសរុប ៧៩នាក់បានជាប់នៅក្នុងបំណាក់ដីដែលបានកើតឡើងនៅទីតាំងបោះជំរំ។ ទីភ្នាក់ងារសារព័ត៌មាន Bernama បានរាយការណ៍ថា កុមារម្នាក់ស្ថិតក្នុងចំណោមអ្នកស្លាប់។ នាយកនាយកដ្ឋានពន្លត់អគ្គិភ័យ និងជួយសង្គ្រោះរដ្ឋ Selangor លោក Norazam Khamis បាននិយាយថា ក្រុមអ្នកពន្លត់អគ្គិភ័យបានចាប់ផ្តើមមកដល់កន្លែងកើតហេតុនៅម៉ោងប្រហែល ៣ទៀបភ្លឺ បន្ទាប់ពីបានទទួលការហៅទូរស័ព្ទ។
លោកបាននិយាយថា បេសកកម្មស្វែងរក និងជួយសង្គ្រោះជនរងគ្រោះកំពុងត្រូវបានអនុវត្តដោយក្រុមសង្គ្រោះ និងប្រតិបត្តិការយុទ្ធសាស្ត្រពិសេសរបស់ប្រទេសម៉ាឡេស៊ី។ នាយក រដ្ឋមន្ត្រីម៉ាឡេស៊ីលោក Anwar Ibrahim និយាយថា លោកមានការតក់ស្លុតអំពីឧប្បត្តិហេតុនេះ។ លោកបានស្នើឲ្យប្រតិបត្តិការស្វែងរក និងជួយសង្គ្រោះធ្វើឡើងដោយប្រុងប្រយ័ត្ន និងតាមវិធិសាស្ត្រជាប្រព័ន្ធធ្វើឡើងដោយស្ថាប័នរដ្ឋាភិបាល៕