ចាប់ខ្លួនជនសង្ស័យ៥នាក់ពាក់ព័ន្ធករណីដាក់បង្កៃគ្រាប់បែកខាងមុខកាស៊ីណូណាហ្គាវើលដ៍

(រាជធានីភ្នំពេញ)៖ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យជាជនជាតិចិនចំនួន៥នាក់ ពាក់ព័ន្ធនឹងករណីដាក់បង្កៃគ្រាប់បែកមួយគ្រាប់នៅខាងមុខក្រុមហ៊ុនកាស៊ីណូណាហ្គាវើលដ៍ ស្ថិតនៅក្នុងសង្កាត់ទន្លេបសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ កាលពីព្រឹក ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២២។ នេះបើតាមការបញ្ជាក់របស់លោកឆាយ គឹមខឿន អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ ថ្លែងប្រាប់សារព័ត៌មានហ្វ្រេសញូវ។

អ្នកនាំពាក្យដដែលឱ្យដឹងថា ជនសង្ស័យទាំង៥នាក់នេះ ត្រូវបានឃាត់ខ្លួន នៅម៉ោង៧៖៣០នាទី ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២២ម្សិលមិញ ដោយកម្លាំងអធិការដ្ឋាននគរបាលខណ្ឌចំការមន​​ សហការជាមួយកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ​ នៅចំណុចផ្ទះលេខ១៩​ បូរីប៉េងហួត​ បឹងស្នោរ​ ផ្លូវM-០២​ សង្កាត់និរោធ​ ខណ្ឌច្បារអំពៅ​ រាជធានីភ្នំពេញ​។

ជនសង្ស័យជាជនជាតិចិនទាំង៥នាក់នេះ រួមមានឈ្មោះ​៖ ទី១.ឈ្មោះ​YANG JIAKANG ភេទប្រុស​ អាយុ​២៦ឆ្នាំ​ ជនជាតិ​ចិន​​។ ទី២.ឈ្មោះ​TU LINAN ភេទស្រី​ អាយុ២៣ឆ្នាំ​ ជនជាតិ​ចិន​។ ទី៣.ឈ្មោះ​YANG YUDONG ភេទប្រុស​ អាយុ​២៥ឆ្នាំ​ ជនជាតិ​ចិន​។ ទី៤.ឈ្មោះ​CHEN DI ភេទប្រុស​ អាយុ​២៩ឆ្នាំ​ ជនជាតិ​ចិន​ និងទី៥.ឈ្មោះ​សួង​ ស្រីអូន​ ភេទស្រី​ អាយុ​៣៦ឆ្នាំ​ ជនជាតិខ្មែរ​ ។

ដោយឡែក ចំពោះវត្ថុតាងដែលសមត្ថកិច្ចឃាត់បាន ជារថយន្តម៉ាក​LANG ROVER DEFENDER ពណ៌​ស្លែ​មួយគ្រឿង សេរ៊ី២០២១​ ពាក់ស្លាកលេខ​ កម្ពុជា​-LC.9888។

បច្ចុប្បន្នជនសង្ស័យរួមទាំងវត្ថុ ត្រូវបានបញ្ជូនទៅកាន់ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃចាត់ការបន្ត​។

គួរឱ្យដឹងថា គ្រាប់បែកបង្កៃនេះ ត្រូវបានបុគ្គលិកក្រុមហ៊ុនស៊ិនទ្រី ប្រទះឃើញនៅក្នុងថង់ពណ៌សមួយ នៅខាងមុខក្រុមហ៊ុនណាហ្គាវើលដ៍ កាលពីព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២២ ហើយបានរាយការណ៍ជូនសន្តិសុខក្រុមហ៊ុននេះ​ និងប្តឹងបន្តទៅសមត្ថកិច្ច។ ក្រោយពីប្រទះឃើញគ្រាប់បែកដូចការរាយការណ៍ កម្លាំងសមត្ថកិច្ចជំនាញបានរៀបចំបំផ្ទុះគ្រាប់បែកនេះចោលតែម្តង៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds