សមត្ថកិច្ចឃាត់ខ្លួន ជនសង្ស័យ០២នាក់ ករណីទាស់ពាក្យសម្តីគ្នា ប្រើកាំបិតកាប់ជនរងគ្រោះម្នាក់ បណ្តាលឲ្យរបួសធ្ងន់

បាត់ដំបង: យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា នៅថ្ងៃច័ន្ទ ៤រោច ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ នៅចំណុចទួលជំនាគ ភូមិគោករកា ឃុំដូនបា ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង មានករណីហិង្សាដោយចេតនា មានស្ថានទម្ងន់ទោស (ប្រដាប់ដោយកាំបិត) ចំនួន០១ករណី ទៅលើជនរងគ្រោះម្នាក់ ។
ក្រោយពីទទួលបណ្ដឹងពីជនរងគ្រោះ អនុវត្តតាមការណែនាំបញ្ជាផ្ទាល់ពី លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ក៏ដូចជាលោកវរសេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទណ្ឌ លោកវរសេនីយ៍ឯក ប៉ាង ហៀង អធិការនគរបាលស្រុកគាស់ក្រឡ បានដឹកនាំកម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលស្រុកគាស់ក្រឡ សហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាល បានធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់៖
១.ឈ្មោះ សម្បត្តិ សំបូរ ភេទប្រុស អាយុ ១៨ ឆ្នាំ រស់នៅភូមិគោករកា ឃុំដូនបា ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង
២. ឈ្មោះ សំ រស្មី ភេទប្រុស អាយុ ២៨ ឆ្នាំ រស់នៅភូមិចែង ឃុំចែងមានជ័យ ស្រុកបាណន់ ខេត្តបាត់ដំបង (ជនដៃដល់) ។
នៅចំពោះមុខសមត្ថកិច្ចជនសង័្សយបានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាព ប្រើប្រាស់កាំបិតកាប់ទៅលើជនរងគ្រោះម្នាក់ឈ្មោះ ពៅ យ៉ូន ភេទប្រុស អាយុ ៤១ឆ្នាំ រស់នៅភូមិគោករកា ឃុំដូនបា ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង របួស ០៤ថ្នេរ ចំត្រង់ក្បាល ។
ករណីហិង្សាខាងលើនេះ គឺបណ្តាលមកពីមានជម្លោះទាស់សំដីគ្នា ដោយប្រើឧបករណ៍នេសាទខុសច្បាប់ ។ នាពេលនេះ ជនសង្ស័យទាំង០២នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន នៅអធិការដ្ឋាននគរបាលស្រុកគាស់ក្រឡ និងកំពុងកសាងសំណុំរឿង បញ្ជូនទៅការិយាល័យជំនាញខេត្ត ដើម្បីចាត់ការបន្តតាមផ្លូវច្បាប់ ៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds