ព័ត៌មានជាតិសម្ដេច ស ខេង បញ្ជាឱ្យស្រាវជ្រាវរកជនល្មើស ក្រោយសមត្ថកិច្ចបង្ក្រាប គ្រឿងញៀនបានជិត ១តោន នៅខេត្តព្រះសីហនុ

ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង នាយករដ្ឋមន្ដ្រីស្ដីទី នៃរាជរដ្ឋាភិបាលកម្ពុជា បានណែនាំឱ្យសមត្ថកិច្ច ស្រាវជ្រាវរកជនល្មើស បន្ទាប់ពីសមត្ថកិច្ច បង្ក្រាបបានគ្រឿងញៀនចំនួន ៨០០គីឡូក្រាម នៅខេត្តព្រះសីហនុ កាលពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២២ ។
ក្នុងទិវាជាតិប្រឆាំង ការជួញដូរមនុស្ស ១២ ធ្នូ ឆ្នាំ២០២២ លើកទី១៦ ក្រោមប្រធានបទ «រួមគ្នាលុបបំបាត់ អំពើជួញដូរមនុស្សឆ្ពោះ ទៅសម្រេចគោលដៅអភិវឌ្ឍន៍ជាតិប្រកបដោយចីរភាព» នារសៀលថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២ នៅសាលមហោស្រពកោះពេជ្រ រាជធានីភ្នំពេញ សម្ដេច ស ខេង បានឱ្យដឹងថា សមត្ថកិច្ចកំពុងធ្វើកិច្ចការងារ នេះយ៉ាងសកម្ម ។

សម្ដេច មានប្រសាសន៍ថា «កាលពីម្សិលមិញ មានករណីគ្រឿងញៀនមួយដ៏ធំ ដែលសមត្ថកិច្ចបានបង្ក្រាប រហូតទៅដល់ ៨០០គីឡូក្រាម គឺសារធាតុញៀន ៨០០គីឡូក្រាម សមត្ថកិច្ចយើងកំពុងធ្វើកិច្ចការងារនេះយ៉ាងហ្មត់ចត់បន្ដទៀត។ប្រសិនបើយើងគ្រាន់តែប្រមូលគ្រឿងញៀន ៨០០គីឡូក្រាមនេះបានមក តែយើងមិនបានចាប់ ឧក្រិដ្ឋជនមេក្លោង ឬអ្នកជួញដូរគ្រឿងញៀននោះ មកដាក់ទោស ហាក់ដូចជា បេសកម្មរបស់យើងមិនទាន់ចប់ទេ ហើយក៏មិនទាន់ជោគជ័យដែរ»។

លើសពីនេះ សម្ដេច ស ខេង បញ្ជាក់បន្ថែមថា ចាប់ជនល្មើសមកដាក់ទោសបាន ទើបហៅថាជោគជ័យ ព្រមទាំងស្រាវជ្រាវបន្ដរកបទល្មើសដទៃទៀត រហូតឈានទៅដល់បទល្មើសសម្អាតប្រាក់ ដែលបញ្ហាទាំងនេះ គឺជាបញ្ហាដ៏សំខាន់របស់កម្ពុជា៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds