កងទ័ពមួកខៀវកម្ពុជាប្រមាណជាង៧០០នាក់កំពុងបំពេញបេសកកម្មនៅក្រៅប្រទេស
សម្ដេចពិជ័យសេនា ទៀ បាញ់ រដ្ឋមន្រ្តីក្រសួងការពារជាតិ បានឱ្យដឹងថា គិតចាប់តាំងពីឆ្នាំ២០០៦ មកដល់ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២ ក្រសួងការពារជាតិកម្ពុជាបានបញ្ជូនកងកម្លាំងទៅចូលរួមបំពេញបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិចំនួន៨,៤៨៤នាក់(នារី៦១១នាក់)។
លោករដ្ឋមន្រ្តីការពារជាតិបញ្ជាក់ថា ក្នុងចំណោមកងកម្លាំងដែលចេញទៅបំពេញបេសកកម្មទាំងនោះ រួមមាននៅក្នុងប្រទេសចំនួន៩ដូចជា ប្រទេសស៊ូដង់ ស៊ូដង់ខាងត្បូង លីបង់ ឆាដ សាយប្រឺស ស៊ីរី ម៉ាលី អាហ្រិ្វកកណ្តាល និងយេមែន។ កងកម្លាំងទាំងជាង៨ពាន់នាក់នេះ ចេញទៅបំពេញបេសកកម្មលើជំនាញបោសសំអាតមីន អាវុធហត្ថ ពេទ្យកម្រិត២ កម្ទេចគ្រាប់មិនទាន់ផ្ទុះ វិស្វកម្មព្រលានយន្តហោះ វិស្វកម្មពហុជំនាញ វិស្វកម្មសំណង់ផ្តេក-បញ្ឈរ នាយទាហានសេនាធិការ និងសង្កេតការណ៍។
ដោយឡែក នៅឆ្នាំ២០២២នេះ សម្ដេចពិជ័យសេនា ទៀ បាញ់ បញ្ជាក់ថា មានកងកម្លាំងរក្សាសន្តិភាពកម្ពុជាកំពុងបំពេញបេសកកម្មក្រោមឆ័ត្រអង្គការសហប្រជាជាតិចំនួន៧៧៣នាក់(នារី១២៥នាក់)។ ទាំង៧៧៣នាក់នេះ រួមមាន នៅក្នុងប្រទេសស៊ូដង់ខាងត្បូង លីបង់ ម៉ាលី និងអាហ្រិ្វកកណ្តាល ហើយបំពេញបេសកកម្មលើជំនាញកម្ទេចគ្រាប់មិនទាន់ផ្ទុះ វិស្វកម្មព្រលានយន្តហោះ វិស្វកម្មពហុជំនាញ វិស្វកម្មសំណង់ផ្តេក-បញ្ឈរ នាយទាហានសេនាធិការ និងសង្កេតការណ៍។
កាលពីថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២២កន្លងទៅនេះ កម្ពុជាទើបតែបានបន្តបញ្ជូនកងទ័ពមួកខៀវ ១២៩នាក់ និងកងអនុសេនាធំកម្ទេចគ្រាប់មិនទាន់ផ្ទុះ (EOD) ១៤៤នាក់ ទៅបំពេញបេសកកម្មនៅប្រទេសម៉ាលី។ កងកម្លាំងមួកខៀវ១២៩នាក់ និងកងអនុសេនាធំកម្ទេចគ្រាប់មិនទាន់ផ្ទុះ (EOD)ចំនួន៤៤នាក់ ខណៈកងអនុសេនាធំកម្ទេចគ្រាប់មិនទាន់ផ្ទុះ១០០នាក់ទៀត នឹងបន្តចេញដំណើរ នៅចុងខែធ្នូនេះ ដើម្បីប្តូរវេនកម្លាំងចាស់ ដែលបានបញ្ចប់បេសកកម្មរយៈពេលមួយឆ្នាំ៕