ឯកឧត្ដម ពេជ្រ ស្រស់ ទទូចឱ្យមានចំណាត់ការផ្លូវច្បាប់ចំពោះរថយន្តធុនធំដែលបើកបុកមនុស្ស៤នាក់ស្លា.ប់នៅខេត្តត្បូងឃ្មុំ

(ខេត្តត្បូងឃ្មុំ)៖ ឯកឧត្ដម ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា​ និងជាសមាជិកឧត្ដមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ បានអំពាវនាវ និងទទូចស្នើដល់សមត្ថកិច្ច ជាពិសេសតុលាការត្រូវមានចំណាត់ការផ្លូវច្បាប់ឱ្យបានហ្មត់ចត់ចំពោះករណីគ្រោះថ្នាក់ចរាចរណ៍ ដែលរថយន្តធុនធំដឹកដីមួយគ្រឿង ដែលបើកបុកម៉ូតូគ្រួសារមួយគ្រឿង បណ្ដាលឱ្យស្លាប់សមាជិកគ្រួសាររហូតដល់ទៅ៤នាក់ ក្នុងចំណោម៥នាក់ ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ។

ឯកឧត្ដម ពេជ្រ ស្រស់ ចូលរួមបុណ្យ៧ថ្ងៃរបស់ជនរងគ្រោះទាំង៤នាក់

ការអំពាវនាវដោយទទូចរបស់ប្រធានគណបក្សដែលតែងតែឈឺឆ្អាលរឿងសង្គមនេះ ធ្វើឡើងក្នុងឱកាសដែលរូបឯកឧត្ដមបានចូលរួមពិធីបុណ្យគម្រប់ខួប៧ថ្ងៃ របស់សមាជិកគ្រួសារជនរងគ្រោះទាំង៤នាក់ ដែលបានស្លាប់បាត់បង់ជីវិត នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២២នេះ។

ជាមួយគ្នា សាច់ញាតិរបស់ក្រុមគ្រួសារជនរងគ្រោះដែលបានស្លាប់បាត់បង់ជីវិត បានអំពាវនាវដល់សមត្ថកិច្ចពាក់ព័ន្ធឱ្យមានចំណាត់ការផ្លូវច្បាប់ចំពោះករណីគ្រោះថ្នាក់ចរាចរណ៍ដ៏គួរឱ្យរន្ធត់នេះ។

លើសពីនេះ ឯកឧត្ដម ពេជ្រ ស្រស់ ក៏បានអំពាវនាវដល់សប្បុរសជន ដែលមានបំណងចង់ផ្ដល់ជាជំនួយដល់ក្មេងតូចដែលបានរួចជីវិតពីគ្រោះថ្នាក់ចរាចរណ៍ដែលបានផ្ដាច់ជីវិតមនុស្សដល់ទៅ៤នាក់នេះ។ ជាក់ស្ដែង ឯកឧត្ដមបានប្រកាសដល់សប្បុរសធម៌អាចចូលរួមប្រាក់ឧបត្ថម្ភដល់ក្មេងតូចនេះ តាមរយៈកុងធនាគារABA និងអេស៊ីលីដារបស់ឯកឧត្ដម ដែលមានលេខ៖ 070757777។

គួរជម្រាបថា បច្ចុប្បន្នជនរងគ្រោះជាក្មេងតូចអាយុ២ខួបម្នាក់ កំពុងសង្រ្គោះនៅក្នុងមន្ទីពេទ្យគន្ធបុប្ភា ស្របពេលគ្រួសាររបស់ក្មេងតូចដ៏អភ័ព្វនេះបានស្លាប់ចោលអស់ហើយ៕

https://www.facebook.com/pichsrospoliticain/videos/1070060397098510

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds