អ្នកវិភាគនយោបាយថា ការលុបចោលទស្សនកិច្ចទៅមីយ៉ាន់ម៉ារបស់ឯកឧត្ដម ប្រាក់ សុខុន ដោយសារគ្មានការរីកចម្រើនក្នុងការអនុវត្តកុងសង់ស៊ីស
ឯកឧត្ដម ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា នៅថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២២ បានថ្លែងប្រាប់សារព័ត៌មានក្នុងស្រុកថា ឯកឧត្ដម ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេសកម្ពុជា និងជាប្រេសិតពិសេសនៃប្រធានអាស៊ានទទួលបន្ទុកបញ្ហាមីយ៉ាន់ម៉ា បានសម្រេចលុបចោលគម្រោងធ្វើដំណើរទៅកាន់ប្រទេសមីយ៉ាន់ម៉ាជាលើកទី៣ ដែលជាទស្សនកិច្ចលើកចុងក្រោយមុនបញ្ចប់អាណត្តិរបស់លោកនៅឆ្នាំនេះ ក្នុងនាមកម្ពុជាធ្វើជាប្រធានអាស៊ានប្ដូរវេន។
អ្នកនាំពាក្យក្រសួងការបរទេសដដែល បញ្ជាក់ថា ការលុបចោលគម្រោងដំណើរទស្សនកិច្ចជាលើកទី៣ទៅកាន់ប្រទេសដឹកនាំដោយរបបសឹកនេះ គឺដោយសារតែកត្តាពេលវេលា ព្រោះថា ឯកឧត្ដម ប្រាក់ សុខុន ក៏នឹងមានកិច្ចប្រជុំកំពូលរម្លឹកខួបអាស៊ាន និងសហភាពអ៊ឺរ៉ុបនៅឯប្រទេសបែលហ្សិកនាពេលឆាប់ៗនេះដែរ។ ចំណែកកត្តាមួយទៀត បើទោះជាប្រេសិតពិសេសទៅធ្វើទស្សនកិច្ចជាលើកទី៣ក៏ដោយ ក៏កម្ពុជាក្នុងនាមជាប្រធានអាស៊ានគ្មានក្ដីរំពឹងថានឹងអាចសម្រេចបាននូវលទ្ធផលជាដុំកំភួនដែរ។
ជុំវិញករណីនេះ លោកបណ្ឌិតយង់ ពៅ អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានរាជបណ្ឌិត្យសភាកម្ពុជា និងជាអ្នកវិភាគនយោបាយ យល់ថា ការសម្រេចលុបចោលទស្សនកិច្ចជាលើកទី៣របស់លោកប្រាក់ សុខុន ដោយសារមីយ៉ាន់ម៉ានេះពុំមានការរីកចម្រើនក្នុងការអនុវត្តកិច្ចព្រមព្រៀងជាឯកច្ឆន្ទទាំង៥ចំណុចឡើយ។ មិនត្រឹមតែមិនអនុវត្តតាមកិច្ចព្រមព្រៀងជាឯកច្ឆន្ទទេ ប្រទេសដឹកនាំដោយរបបសឹកនេះថែមទាំងបានកាត់ទោសប្រហារជីវិតនិស្សិត៧នាក់ ដែលជាការផ្គើននឹងអាស៊ានផងដែរ។
ជាមួយគ្នា លោកបណ្ឌិតលើកឡើងថា ការលុបចោលទស្សនកិច្ចនេះក៏អាចដោយសារតែកម្ពុជាគ្មានការរំពឹងថានឹងសម្រេចបានលទ្ធផលអ្វីដែលគួរឱ្យកត់សម្គាល់ ដែលបានមកពីទស្សនកិច្ចនេះដែរ ដោយសារប្រេសិតពិសេសមិនអាចជួបជាមួយភាគីនយោបាយណាមួយបានឡើយ។ យ៉ាងណា លោកបណ្ឌិតយល់ថា ការសម្រេចលុបចោលទស្សនកិច្ចទៅមីយ៉ាន់ម៉ាជាលើកទី៣នេះ ជារឿងត្រឹមត្រូវ។
គួរឱ្យដឹងថា តាមរយៈសេចក្ដីថ្លែងការណ៍ ចេញផ្សាយនៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២២ ឯកឧត្ដម ប្រាក់ សុខុន បេសកជនពិសេសនៃប្រធានអាស៊ានទទួលបន្ទុកបញ្ហាមីយ៉ាន់ម៉ា បានបង្ហាញការសាទរចំពោះការដោះលែងអ្នកទោសទ្រង់ទ្រាយធំរបស់ក្រុមប្រឹក្សារដ្ឋនៃប្រទេសមីយ៉ាន់ម៉ា ដែលធ្វើឡើងនាពេលថ្មីៗនេះ និងបានបង្ហាញពីបំណងធ្វើដំណើរទស្សនកិច្ចជាលើកទី៣ទៅកាន់ប្រទេសនេះថែមទៀត។ ប៉ុន្តែ ស្រាប់តែថ្មីនេះ របបសឹកភូមាបានកាត់ទោសប្រហារជីវិតនិស្សិត៧នាក់ ដោយមិនកោតក្រែងដល់អាស៊ានសូម្បីបន្តិច៕