មិនទាន់ចប់ទេ!រឿងរថយន្តបុកឪពុកម្តាយនិងក្មេងតូចលើស្ពានជ្រោយចង្វារនឹងត្រូវបញ្ជូនទៅតុលាការ
(រាជធានីភ្នំពេញ)៖ ស្នងការនគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តឡិចស៊ីសបើកបុកម៉ូតូនៅលើស្ពានជ្រោយចង្វារ ដែលកើតឡើងកាលពីពេលថ្មីៗនេះ នឹងត្រូវបញ្ជូនសំណុំរឿងទៅកាន់តុលាការ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់ ទោះបីភាគីជនបង្ក និងជនរងគ្រោះបានឯកភាពសុំបញ្ចប់រឿងដោយប្រាក់សំណងក៏ដោយ។
ស្នងការនគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២២នេះបានឱ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តឡិចស៊ីសបុកម៉ូតូមួយគ្រឿងលើស្ពានជ្រោយចង្វារ បច្ចុប្បន្នមន្ត្រីជំនាញកំពុងអនុវត្តទៅតាមច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ដោយមានការពិនិត្យវាស់វែង ឃាត់ខ្លួនជនបង្ក និងរថយន្តមករក្សាទុក វាស់សារជាតិស្រវឹង ដើម្បីពិន័យតាមច្បាប់ និងរៀបចំសំណុំរឿងបញ្ជូនបន្តទៅតុលាការ។ ចំណែកឯការយល់ព្រមឯកភាពទទួលសំណងរវាងជនបង្ក និងជនរងគ្រោះ ស្នងការនគរបាលរាជធានីភ្នំពេញគូសបញ្ជាក់ថា គឺជារឿងរបស់ភាគីបង្ក និងជនរងគ្រោះ។
ជុំវិញករណីនេះ ស្នងការនគរបាលរាជធានីភ្នំពេញ បញ្ជាក់ថា ករណីគ្រោះថ្នាក់នេះ ភាគីទាំងជនបង្កនិងជនរងគ្រោះបានឯកភាពគ្នាសុំបញ្ចប់សំណងរដ្ឋប្បវេណីចំនួន២,៥០០ដុល្លារអាមេរិក ដោយមិនមានការបង្ខិតបង្ខំ នៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក កាលពីថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២២។
ប៉ុន្តែ ស្នងការនគរបាលរាជធានីភ្នំពេញគូសបញ្ជាក់ថា បើទោះបីជាមានការបញ្ចប់សំណងរដ្ឋប្បវេណីយ៉ាងណាក៏ដោយ ក៏ករណីគ្រោះថ្នាក់នេះនៅជាប់បណ្តឹងអាជ្ញា ហើយកម្លាំងជំនាញកំពុងក៏សាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់។
ជាមួយគ្នា ស្នងការនគរបាលរាជធានីភ្នំពេញ បន្ថែមថា ដោយផ្នែកតាមច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ការវាស់វែងពិនិត្យកន្លែងកើតហេតុ និងស្លាកស្នាមយាន មន្ត្រីជំនាញសន្និដ្ឋានថា មូលហេតុបណ្តាលឱ្យមានគ្រោះថ្នាក់ ដោយសារអ្នកបើកបររថយន្តបើកបរលឿនខ្វះការប្រុងប្រយ័ត្ន និងបើកបរស្ថិតក្នុងស្ថានភាពស្រវឹងមានអត្រាជាតិអាល់កុល០.៥៣មីលីក្រាមក្នុងមួយលីត្រ។ ជនបង្កត្រូវបានធ្វើការផាកពិន័យចំនួន ២លានរៀល តាមមាត្រា១០ថ្មី នៃអនុក្រឹត្យលេខ៣៩អនក្រ.បក ចុះថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០។
គួរជម្រាបថា ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តឡិចស៊ីសបុកម៉ូតូម៉ាកScoopyនេះ បានកើតឡើងនៅវេលាម៉ោង២៖១០នាទី រំលងអាធ្រាត្រឈានចូលថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២២ លើស្ពានជ្រោយចង្វារចាស់ ស្ថិតនៅក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ រថយន្តបង្កម៉ាកLEXUS NX200tពណ៌ស ពាក់ផ្លាកលេខភ្នំពេញ2BB-9989 បានធ្វើដំណើរតាមបណ្តោយស្ពានជ្រោយចង្វារចាស់ទិសដៅពីលិចទៅកើត លុះដល់ចំណុចកើតហេតុខាងលើ បានបុកពីក្រោយម៉ូតូមួយគ្រឿងដែលធ្វើដំណើរស្របទិសគ្នាម៉ាកHONDA SCOOPY ពណ៌ស ពាក់ផ្លាកលេខ កណ្តាល1B-9978។ បន្ទាប់មក រថយន្តបង្កបានបើករត់គេចពីកន្លែងកើតហេតុទៅដល់ផ្លូវកែវចិន្តា ក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ ទើបសមត្ថកិច្ចខណ្ឌជ្រោយចង្វារឃាត់បានទាំងរថយន្ត និងអ្នកបើកបរយកមកការិយាល័យចរាចរណ៍ផ្លូវគោក។
ចំពោះអ្នកបើកបររថយន្តឡិចស៊ីសដែលជាជនបង្កមានឈ្មោះសោម ណូរីទីឃា ភេទប្រុស អាយុ១៩ឆ្នាំ មានទីលំនៅផ្ទះលេខ៥៣ ផ្លូវកែវចិន្តា ភូមិ៣ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ ដោយឡែក ជនរងគ្រោះដែលជាបើកបរម៉ូតូម៉ាកScoopyមានឈ្មោះហុង រត្នថា ហៅស្វិត ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបររើសអេតចាយ ត្រូវរងរបួសធ្ងន់សម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនព្រះកុសុមៈ។ រីឯអ្នករួមដំណើរជាមួយគ្នា២នាក់ផ្សេងទៀត រួមមាន ម្នាក់ជាទារកទើបកើតបានប្រមាណ៦០ថ្ងៃឈ្មោះមុច សុខឡេង(ត្រូវរងរបួសធ្ងន់កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យគន្ធបុប្ផា) និងម្នាក់ទៀតត្រូវជាម្ដាយឈ្មោះមុច ស្រីល័ក្ខ ភេទស្រី អាយុ៣១ឆ្នាំ មុខរបររើសអេតចាយ (ត្រូវរងរបួសធ្ងន់សម្រាកព្យាបាលនៅគ្លីនិកពន្លឺ)។ យ៉ាងណាក៏ដោយ ករណីគ្រោះថ្នាក់ចរាចរណ៍នេះ មហាជន ជាពិសេសអ្នកប្រើប្រាស់បណ្ដាញសង្គមកំពុងរង់ចាំមើលចំណាត់ការរបស់សមត្ថកិច្ច៕