អគ្គិភ័យលេបត្របាក់ផ្ទះប្រជាពលរដ្ឋ៦ខ្នងក្នុងក្រុងកំពង់ឆ្នាំង
(ខេត្តកំពង់ឆ្នាំង)៖ អគ្គិភ័យបានឆាប់ឆេះផ្ទះប្រជាពលរដ្ឋចំនួន១០ខ្នង ដោយក្នុងនោះផ្ទះចំនួន៦ខ្នង ត្រូវបានឆេះទាំងស្រុង នាយប់ថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២២ ស្ថិតក្នុងភូមិចុងកោះ សង្កាត់ផ្សាឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង។
ក្នុងហេតុការណ៍នេះ ក៏មានប្រជាពលរដ្ឋ កងកម្លាំងប្រដាប់អាវុធ និងរថយន្តពន្លត់អគ្គីភ័យរបស់ស្នងការដ្ឋានខេត្តកំពង់ឆ្នាំង ចំនួន៦គ្រឿងចេញធ្វើអន្តរាគមន៍បាញ់ពន្លត់អគ្គីភ័យខាងលើនេះ ដោយប្រើប្រាស់ទឹកចំនួន ២៥ឡាន ដែលសកម្មភាពពន្លត់អគ្គិភ័យនេះ គឺចាប់ផ្ដើមតាំងពីម៉ោង ៩៖០០នាទីយប់ រហូតដល់ម៉ោង១១៖៣០នាទីយប់ទើបអាចគ្រប់គ្រងស្ថានការណ៍ខាងលើនេះបានទាំងស្រុង។ អគ្គិភ័យឆាបឆេះនៅនេះ បានឆេះខូចខាតសម្ភារៈអស់មួយចំនួនធំ តែមិនបណ្ដាលឱ្យមានពលរដ្ឋណាម្នាក់រងគ្រោះថ្នាក់ដល់អាយុជីវិតនោះឡើយ៕