ធនាគារអភិវឌ្ឍន៍អាស៊ីផ្ដល់កម្ចី៥០លានដុល្លារដល់កម្ពុជា ធ្វើពិពិធកម្មសេដ្ឋកិច្ចនិងជំរុញការប្រកួតប្រជែង

ធនាគារអភិវឌ្ឍន៍អាស៊ី(ADB) បានអនុម័តប្រាក់កម្ចីចំនួន៥០លានដុល្លារអាមេរិកដល់កម្ពុជា ក្រោមអនុកម្មវិធីទី១ នៃកម្មវិធីពាណិជ្ជកម្ម និងសមត្ថភាពប្រកួតប្រជែង ដើម្បីគាំទ្រដល់ការធ្វើពិពិធកម្មសេដ្ឋកិច្ចរបស់រាជរដ្ឋាភិបាលកម្ពុជា និងជំរុញសមត្ថភាពប្រកួតប្រជែងជាសកល។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី(ADB)ចេញនៅថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២២។

លោកSion L.Morton សេដ្ឋវិទូជាន់ខ្ពស់របស់ធនាគារអភិវឌ្ឍន៍អាស៊ី បានឱ្យដឹងថា ជំងឺរាតត្បាតកូវីដ-១៩ បានជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរដល់វិស័យសំខាន់ៗនៃសេដ្ឋកិច្ចកម្ពុជា ដូចជា វិស័យកាត់ដេរ ផលិតស្បែកជើង និងវាយនភណ្ឌ ក៏ដូចជាវិស័យទេសចរណ៍ និងសំណង់ជាដើម។

លោកថា កំណែទម្រង់ក្រោមកម្មវិធីនេះនឹងជួយដល់គោលដៅស្ដារសេដ្ឋកិច្ចកម្ពុជាឡើងវិញ ក្រោយវិបត្តិជំងឺកូវីដ-១៩ ដោយជួយត្រួសត្រាយផ្លូវសម្រាប់អាជីវកម្មរីកចម្រើន និងឈានទៅរកផ្នែកតម្លៃបន្ថែមកាន់តែខ្ពស់ និងសម្របខ្លួនទៅនឹងទិដ្ឋភាពពាណិជ្ជកម្មដែលកំពុងផ្លាស់ប្ដូរ។

ធនាគារអភិវឌ្ឍន៍អាស៊ីបន្ថែមថា កម្មវិធីពាណិជ្ជកម្ម និងសមត្ថភាពប្រកួតប្រជែង នឹងជួយកែលម្អបរិយាកាសធុរកិច្ចទាំងមូលសម្រាប់ក្រុមហ៊ុនក្នុងស្រុក និងក្រុមហ៊ុនបរទេស។ ទាក់ទងនឹងអនុកម្មវិធីដំបូងនេះ រាជរដ្ឋាភិបាលបានអនុម័តច្បាប់វិនិយោគថ្មី ដើម្បីផ្ដល់កិច្ចការពារផ្លូវច្បាប់សម្រាប់អ្នកវិនិយោគ រួមទាំងអ្នកវិនិយោគនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស និងបានធ្វើឱ្យប្រសើរឡើងនូវច្រកអាជីវកម្មតាមប្រព័ន្ធអ៊ីនធឺណិត ដើម្បីអាចឱ្យការចេញអាជ្ញាប័ណ្ណអាជីវកម្មឌីជីថលឯកទេសបានទាន់ពេលវេលា។

មិនតែប៉ុណ្ណោះ ធនាគារអភិវឌ្ឍន៍អាស៊ីឱ្យដឹងទៀតថា កម្មវិធីនេះនឹងជួយគាំទ្រដល់ការអភិវឌ្ឍ និងការធ្វើពិពិធកម្មសហគ្រាសខ្នាតតូច និងមធ្យម(MSMEs)ធ្វើឱ្យប្រសើរឡើងនូវលទ្ធភាពទទួលបានហិរញ្ញវត្ថុ និងការបង្កើតទីផ្សារថ្មីសម្រាប់ពួកគេ។ ពោល វារួមបញ្ចូលទាំងការសម្រួលនិយមន័យផ្លូវច្បាប់នៃសហគ្រាសតូច និងមធ្យម និងដាក់ចេញកញ្ចប់ជំនួយដែលផ្ដល់មូលនិធីដោយរាជរដ្ឋាភិបាល ដើម្បីផ្ដល់ជំនួយ និងជំនួយបច្ចេកទេសដល់សហគ្រាសធុនតូច និងមធ្យមនៅក្នុងឧស្សាហកម្មដែលផ្ដល់អាទិភាពឱ្យមានការចូលរួមច្រើនពីស្រ្តី។

ធនាគារអភិវឌ្ឍន៍អាស៊ីគូសបញ្ជាក់ថា កម្មវិធីពាណិជ្ជកម្ម និងសមត្ថភាពប្រកួតប្រជែងក៏នឹងជួយដល់កម្ពុជាធ្វើឱ្យប្រសើរឡើងនូវការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មក្នុងតំបន់ និងពង្រឹងការងារសម្របសម្រួលពាណិជ្ជកម្ម ដើម្បីផ្ដល់ឱកាសកាន់តែច្រើនសម្រាប់ធុរកិច្ចកម្ពុជា ក្នុងការនាំចេញទំនិញ។ ធនាគារនេះប្ដេជ្ញាសម្រេចឱ្យបាននូវវិបុលភាព បរិយាប័ន្ន ភាពធន់ និងនិរន្តរភាពក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក ដើម្បីលុបបំបាត់ភាពក្រីក្រ។

ធនាគារអភិវឌ្ឍន៍អាស៊ី(ADB)ធ្លាប់សន្យាថា នឹងផ្ដល់ហិរញ្ញប្បទាន៤០០លានដុល្លារបន្ថែមទៀតមកឱ្យកម្ពុជាពីលើថវិកា៤៨០លានដុល្លារ ដែលបានឯកភាពផ្ដល់ជូនកាលពីមុន សម្រាប់ឆ្នាំ២០២៣-២០២៤។ ការសន្យានឹងផ្ដល់ជូនថវិកាបន្ថែមកឱ្យកម្ពុជាពីសំណាក់ធនាគារ ADBនេះ ធ្វើឡើងនៅក្នុងជំនួបពិភាក្សាការងាររវាងមន្ត្រីជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកម្ពុជា ជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់ប្រចាំតំបន់អាស៊ីអាគ្នេយ៍នៃធនាគារអភិវឌ្ឍន៍អាស៊ី កាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២២៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds