១០ខែឆ្នាំនេះ! ខេត្តសៀមរាបទទួលបានភ្ញៀវទេសចរជិត១,៨លាននាក់

(ខេត្តសៀមរាប)៖ ក្រោយពីកម្ពុជាបើកប្រទេសទទួលទេសចរអន្តរជាតិឡើងវិញ ជាពិសេសនៅរយៈពេល១០ខែឆ្នាំ២០២២នេះ ខេត្តសៀមរាបចាប់ផ្ដើមមានកំណើនភ្ញៀវទេសចរអន្តរជាតិច្រើនឡើងវិញ រួមជាមួយការហោះហើរពីបរទេសចូលក្នុងខេត្តនេះមានចាប់ពី១៥ទៅ១៦ជើងក្នុង១ថ្ងៃ ដែលបានដឹកជញ្ជូនភ្ញៀវទេសចរមកជាមួយចាប់ពី១,៣០០នាក់ទៅ១,៤០០នាក់ក្នុង១ថ្ងៃ។

ឯកឧត្ដម ថោង​ ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍

ជាក់ស្ដែង ក្នុងរយៈពេល១០ខែឆ្នាំ២០២២ ពោលចាប់ពីខែមករា ដល់ខែតុលា ខេត្តសៀមរាបទទួលបានទេសចរសរុបចំនួន១,៧៩២,៥៤៩នាក់ កើនឡើង៨៨៦.៣៣៥ភាគរយ ធៀបទៅនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១។ ក្នុងចំណោមទេសចរសរុបទាំងនោះ រួមមាន ភ្ញៀវទេសចរជាតិសរុបចំនួន១,៦២៣,២០០នាក់ កើនឡើង៨៣០.៤៥ភាគរយ និងទេសចរអន្តរជាតិមានចំនួន១៦៩,៣៤៩នាក់ កើនឡើង២២២៤.៣០ភាគរយ។ នេះបើតាមការបញ្ជាក់របស់លោកថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍។

លោករដ្ឋមន្ត្រីទេសចរណ៍បន្ថែមថា តាមការព្យាករណ៍សម្រាប់រយៈពេលពេញមួយឆ្នាំ២០២២នេះ ភ្ញៀវទេសចរដែលចូលមកកម្សាន្តក្នុងខេត្តសៀមរាបនឹងឡើងដល់ចំនួនជាង២.២៧លាននាក់ កើនឡើងជាង៣២៦ភាគរយ បើប្រៀបធៀបនឹងឆ្នាំ២០២១។ ក្នុងចំណោមទេសចរសរុបទាំងនោះ រួមមាន ទេសចរជាតិអាចនឹងឡើងដល់ប្រមាណជាង២លាននាក់ ក្នុងកំណើនជាង២៩១ភាគរយ ហើយទេសចរអន្តរជាតិនឹងឡើងដល់ជាង២៣ម៉ឺននាក់ ក្នុងកំណើនជាង១,៧៦៣ភាគរយ។

លោកង៉ូវ សេងកាក់ ប្រធានមន្ទីរទេសចរណ៍ខេត្តសៀមរាប បានឱ្យដឹងថា ចំពោះជើងហោះហើរមកកាន់ខេត្តសៀមរាបមាន១៥ទៅ១៦ជើងក្នុង១ថ្ងៃ ដែលមានភ្ញៀវទេសចរអន្តរជាតិមានប្រមាណ១,៣០០នាក់ទៅ១,៤០០នាក់ក្នុង១ថ្ងៃ។ ដោយឡែក ចំពោះការធ្វើដំណើតាមផ្លូវគោកចូលមកខេត្តសៀមរាបវិញ លោកប្រធានមន្ទីរទេសចរណ៍ខេត្តសៀមរាបបានឱ្យដឹងថា មានចន្លោះប្រមាណពី៦០០ទៅ៧០០នាក់ក្នុងមួយថ្ងៃ។

គួរបញ្ជាក់ថា រយៈពេល១០ខែ ឆ្នាំ២០២២ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិមកទស្សនាកម្សាន្តប្រមាណជាង១.៥៧លាននាក់ កើនឡើង៩៩១ភាគរយ ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២១។ រីឯភ្ញៀវទេសចរផ្ទៃក្នុងធ្វើដំណើរកម្សាន្តក្នុងប្រទេសជាង១០.៨៦លាននាក់ កើនឡើង២៣៤ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២១៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds