ជនពិការជាង៩ពាន់នាក់កំពុងបម្រើការងារក្នុងស្ថាប័នរដ្ឋ និងឯកជនទូទាំងប្រទេស
តាមរយៈសារលិខិតក្នុងឱកាសទិវាជនមានពិការភាពកម្ពុជាលើកទី២៤ និងទិវាជនមានពិការភាពអន្តរជាតិលើកទី៤០ នៅថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបញ្ជាក់ថា បច្ចុប្បន្នកម្ពុជាមានជនពិការសរុបចំនួន៩,៥៨៧នាក់ កំពុងបម្រើការងារនៅតាមស្ថាប័នរដ្ឋ និងវិស័យឯកជនទូទាំងប្រទេសសរុបទាំង៣២៨។
សម្ដេចនាយករដ្ឋមន្រ្តីគូសបញ្ជាក់ថា បច្ចុប្បន្នជនមានពិការភាពត្រូវបានយកចិត្តទុកដាក់ពីគ្រប់មជ្ឈដ្ឋាន។ ជាក់ស្ដែងក្នុងឆ្នាំ២០២២នេះ មានជនមានពិការភាពចំនួន៣,៧៤៨នាក់ ដែលបានចូលបម្រើការងារក្នុងក្រសួងស្ថាប័នរដ្ឋចំនួន៣៧ស្ថាប័ន ក្នុងនោះស្រ្តីមានពិការភាពមានចំនួន៨៦២នាក់ ជនពិការភាពកម្រិតធ្ងន់មានចំនួន២,២៦០នាក់ ពោល កើនឡើងប្រមាណ២,០១ភាគរយ បើធៀបនឹងឆ្នាំ២០២១។
ដោយឡែក សម្រាប់វិស័យឯកជន រួមមានដូចជា ធនាគារ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ សណ្ឋាគារ និងរោងចក្រទូទាំងប្រទេសសរុបចំនួន២៩១កន្លែង មានជនពិការចូលបម្រើការងារចំនួន៥,៨៣៩នាក់(ស្រ្តីមានពិការភាព៣,៨៣៦នាក់)។
យ៉ាងណាមិញ ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានឱ្យដឹងថា នាយកដ្ឋានសុខុមាលភាពជនពិការ នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បាននឹងកំពុងអនុវត្តកម្មវិធីកំណត់អត្តសញ្ញាណពិការភាព តាមគំរូសង្គ និងសិទ្ធិជាមូលដ្ឋាននៅទូទាំងប្រទេស ដើម្បីផ្ដល់បណ្ណសម្គាល់ពិការភាពជូនជនមានពិការភាពយកទៅប្រើប្រាស់ ក៏ដូចជាបង្កលក្ខណៈងាយស្រួលដល់ជនពិការ ក្នុងការទទួលបានអត្ថប្រយោជន៍ពីប្រព័ន្ធគាំពារសង្គម និងសេវាសង្គម។
សម្ដេចបានឱ្យដឹងទៀតថា រាជរដ្ឋាភិបាលកម្ពុជាមានចក្ខុវិស័យច្បាស់លាស់ធ្វើឱ្យជនពិការ និងក្រុមគ្រួសារមានគុណភាពជីវិតល្អ និងចូលរួមយ៉ាងសកម្មពេញលេញ ស្មើភាពគ្នាក្នុងសង្គមដែលមានការគោរពសិទ្ធិ និងសេចក្ដីថ្លៃថ្នូរ ព្រមទាំងមានការធ្វើបរិយាបន្នពិការភាពក្នុងគ្រប់វិស័យ និងការអភិវឌ្ឍ។
លើសពីនេះ សម្ដេចតេជោ បានអំពាវនាវជំរុញលើផែនការយុទ្ធសាស្រ្តជាតិស្ដីពីពិការភាព ដើម្បីធានាដល់សុខុមាលភាពរបស់ជនមានពិការភាពគ្រប់ៗរូប និងអំពាវនាវដល់អាជ្ញាធររៀបចំបង្កលក្ខណៈងាយស្រួលចំពោះជនពិការទាំងការរៀបចំចំណតយានយន្ត ការធ្វើជម្រាល ការបំពាក់ឧបករណ៍ធ្នាក់ដៃ ទ្វារ បន្ទប់ទឹក ការដាក់ស្លាកសញ្ញានានាជាដើម។ មិនតែប៉ុណ្ណោះ សម្ដេចតេជោក៏បានណែនាំដល់គ្រប់ក្រសួងស្ថាប័នរដ្ឋ និងឯកជន ត្រូវលើកទឹកចិត្តដល់បុគ្គលិក ឬមន្រ្តីជាជនពិការ និងមិនត្រូវមានការរើសអើងឡើយ៕