ក្ដៅៗ!ក្រសួងប្រកាសបិទពេទ្យឯកជនឈ្មោះ“ដើមអង្រ្កង”ដែលរំលូតកូនធ្វេសប្រហែសធ្វើឱ្យស្រ្តីជាម្ដាយរងគ្រោះធ្ងន់ធ្ងរ
(ខេត្តកំពង់ស្ពឺ)៖ ក្រសួងសុខាភិបាល នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២នេះ បានសម្រេចបិទមន្ទីរសម្រាកព្យាបាលឯកជនឈ្មោះ “ដើមអង្រ្កង”ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ៣ ក្នុងឃុំអង្គពពេល ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ជាបណ្ដោះអាសន្ន ក្រោយកើតមានករណីពាក់ព័ន្ធនឹងការរំលូតកូនស្លាប់ក្នុងផ្ទៃ ធ្វើឱ្យប៉ះពាល់ដល់ស្រ្តីជាម្ដាយ។ នេះបើតាមសេចក្ដីសម្រេចរបស់ក្រសួងសុខាភិបាល ដែលចុះហត្ថលេខាដោយ លោកស្រីឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល។
យ៉ាងណា បើតាមលោកវេជ្ជបណ្ឌិត ហុក គ្រី ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ស្ពឺ បានប្រាប់បណ្ដាញសារព័ត៌មានហ្វ្រេសញូវ នៅរសៀលថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២នេះថា បច្ចុប្បន្នស្ដ្រីដែលបានទៅរំលូតកូនស្លាប់ក្នុងផ្ទៃ នៅមន្ទីរសម្រាកព្យាបាល និងសម្ភពដើមអង្គ្រង ហើយវិវឌ្ឍន៍ទៅរកស្ថានភាពធ្ងន់ធ្ងរនោះ កំពុងត្រូវបានសង្គ្រោះនៅមន្ទីរពេទ្យកាល់ម៉ែត។
លោកបញ្ជាក់ថា អ្នកជំងឺឈ្មោះសឿន ស្រីអូន អាយុ២២ឆ្នាំ មានអាសយដ្ឋានភូមិអន្លង់រមៀត ឃុំអន្លង់រមៀត ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល បានចូលមកសម្រាកនៅគ្លីនិកដើមអង្គ្រងនៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២២ ដោយរោគវិនិច្ឆ័យមានកូនស្លាប់ក្នុងស្បូនអាយុ១៨សប្តាហ៍។ ក្រុមគ្រូពេទ្យរបស់គ្លីនិកបានធ្វើការព្យាបាលដោយ រំលូតយកកូនដែលស្លាប់ក្នុងផ្ទៃចេញ និងបន្តសម្រាកនៅគ្លីនិក រយៈពេលមួយយប់ ហើយបានចេញពីគ្លីនិកដើមអង្គ្រងនៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២២។ លុះដល់ថ្ងៃទី២២ ខែវិច្ឆិកាស្ត្រីជាអ្នកជំងឺបានមកគ្លីនិកដដែលម្ដងទៀត ដោយមានរោគសញ្ញាឈឺពោះខ្លាំងនៅផ្នែកខាងក្រោម បន្ទាប់មកគ្រូពេទ្យក៏បានធ្វើការសំអាតស្បូនឡើងវិញ តែដោយអាការៈធ្ងន់ធ្ងរគ្លីនិកក៏បានបញ្ជូនស្ត្រីអ្នកជំងឺទៅព្យាបាលបន្តនៅរាជធានីភ្នំពេញ។
លោកវេជ្ជបណ្ឌិត ហុក គ្រី ក៏បានច្រានចោលនូវព័ត៌មានដែលបានចែកចាយថា ស្ដ្រីរងគ្រោះបានស្លាប់ដោយសារការវះកាត់នៅមន្ទីរសម្រាកព្យាបាលខាងលើ គ្រាដែលពេលនេះ ជនរងគ្រោះកំពុងសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យកាល់ម៉ែត៕