លោក យ៉ង សាំងកុមារ ត្រូវបានតែងតាំងជារដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការក្រសួងកសិកម្ម
ព្រះមហាក្សត្រចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំង លោក យ៉ង សាំងកុមារ ជារដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការ ក្រសួងកសិកម្ម ខណៈលោក ឡឹក សុធារ ដែលជាមនុស្សជំនិតរបស់លោក ត្រូវបានតែងតាំងជា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម។
គួររម្លឹកថា លោកបណ្ឌិត យ៉ង សាំងកុមារ មន្ដ្រីជាន់ខ្ពស់គណបក្សប្រជាធិបតេយ្យមូលដ្ឋាន កាលពីថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២ បានស្នើសុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា និងស្នើសុំចូលរួមបម្រើការងារជាមួយនឹងរាជរដ្ឋាភិបាលក្នុងវិស័យកសិកម្ម ជាពិសេសវិស័យស្រូវអង្ករ ដោយលោកអះអាងថាជាជំនាញរបស់លោក។
និយាយពីប្រវត្តិ លោកបណ្ឌិត យ៉ង សាំងកុមារ គឺជាអ្នកជំនាញកសិកម្មមួយរូប ដែលបានបញ្ចប់ការសិក្សាពីប្រទេសអាល្លឺម៉ង់។ បច្ចុប្បន្នលោកគឺជាប្រធានគណៈកម្មាធិការនាយកគណបក្សប្រជាធិបតេយ្យមូលដ្ឋាន ហើយលោកក៏ជាសហស្ថាបនិកគណបក្សប្រជាធិបតេយ្យមូលដ្ឋាន(គបម)ដែរ។ ក្នុងនាមជាថ្នាក់ដឹកនាំគណបក្សប្រជាធិបតេយ្យមូលដ្ឋាននាពេលកន្លងមក លោកតែងចូលរួមបញ្ចេញទស្សនៈនានាលើវិស័យកសិកម្ម ហើយលោកក៏មានបង្កើតសមាគមចែករំលែកចំណេះជំនាញ និងអភិវឌ្ឍន៍លើវិស័យកសិកម្មនេះផងដែរ៕