កត្តាសំខាន់៤ គ្រូកម្ពុជាមិនយកក្រុមធំប្រកួតស្អែក
ថ្ងៃទី០៨ ខែមីនា ឆ្នាំ២០១៩ ម៉ោង 01:48 PM
(ដោយ៖ យឺន សីហា)
ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាត្រូវស្វាគមន៍ក្រុមភ្ញៀវជម្រើសជាតិបង់ក្លាដេសក្នុងជំនួបមិត្តភាពអន្តរជាតិកម្តៅសាច់ដុំវេលាម៉ោង៦:៣០នាទីល្ងាចថ្ងៃសៅរ៍ ទី៩ ខែមីនា ឆ្នាំ២០១៩នៅពហុកីឡដ្ឋានជាតិ រាជធានីភ្នំពេញ ប្រទេសកម្ពុជា។
ការប្រកួតមិត្តភាពអន្តរជាតិនេះគឺជាការប្រកួតក្រុមជម្រើសជាតិក្រុមធំពោលគឺមិនមែនយុវជនឡើយ ប៉ុន្តែគ្រូបង្វឹកកម្ពុជាជ្រើសរើសសុទ្ធតែកីឡាករយុវជនអាយុ២២ឆ្នាំ។ ក្នុងសន្និសីទសារព័ត៌មានលោក Felix គ្រូបង្វឹកជម្រើសជាតិកម្ពុជាបានលើកឡើងកត្តាសំខាន់៣ដែលលោកជ្រើសរើសយកយុវជនសុទ្ធ។
- ទី១៖ ហេតុអ្វីបានជាខ្សែប្រយុទ្ធយុវជនសម្រេចទីមិនសូវបានល្អ? បើនិយាយពីខ្សែប្រយុទ្ធក្រុមធំដូចជា ចាន់ វឌ្ឍនាកា កែវ សុខផេង ជាដើម ពួកគាត់មានបទពិសោធច្រើន ដូច្នេះពួកគាត់មានស្មារតីធម្មតានៅពេលមានឱកាសនៅតំបន់ប្រយុទ្ធពោលគឺគ្មានសម្ពាធផ្លូវចិត្ត ហើយអាចសម្រេចទីបានល្អ។ លោកបន្តថា ៖«យើងត្រូវការខ្សែប្រយុទ្ធដែលមានបទពិសោធច្រើនទៀត ដូច្នេះយើងមានតែផ្តល់ឱកាសឲ្យយុវជនដើម្បីឲ្យពួកគាត់មានបទពិសោធកាន់តែច្រើនក្នុងការប្រកួតធំៗ។ ពួកគាត់នឹងមានស្មារតីល្អ រឹងមាំ និងមិនមានសម្ពាធផ្លូវចិត្ត។ ថ្ងៃក្រោយពួកគាត់ក៏នឹងសម្រេចទីបានល្អដែរ»។
- ទី២៖ ការប្រកួតមិត្តភាពអន្តរជាតិស្អែកនេះមិនមែនជាការប្រកួតចំថ្ងៃ FIFA Day ទេ ដូច្នេះពិបាកក្នុងការកោះហៅកីឡាករក្រៅប្រទេសចូលរួមបានទេ។
- ទី៣៖ តួនាទីរបស់ក្រុមគ្រូបង្វឹកគឺមកកម្ពុជាដើម្បីជួយបាល់ទាត់កម្ពុជាឲ្យរីករាយដោយមិនមែនផ្តោតលើតែកីឡាករសំខាន់ៗក្រុមធំស្រាប់នោះទេ ប៉ុន្តែផ្តល់ឱកាសឲ្យយុវជនអភិវឌ្ឍខ្លួន។ លោកសង្ឃឹមថា អ្នកគាំទ្រកម្ពុជានឹងមើលឃើញពីការខិតខំប្រឹងប្រែង និងគោលដៅសំខាន់របស់ក្រុមគ្រូបង្វឹក។
- ទី៤៖ កត្តាសំខាន់មួយទៀតគឺការប្រកួតនេះក៏ជាផ្នែកមួយសម្រាប់ U-23 កម្ពុជាដែលត្រូវលេងក្នុងវគ្គជម្រុះពានរង្វាន់ 2020 AFC U-23 Championship នៅទឹកដីកម្ពុជា ហើយមានក្រុមខ្លាំងដូចជា កូរ៉េខាងត្បូង និងអូស្ត្រាលីជាដើម។
ថ្ងៃស្អែកជាការដកស្រងបច្ចេកទេសដ៏សំខាន់មួយទៀតដែលក្រុមកម្ពុជាត្រូវប្រឹងឲ្យអស់ពីសមត្ថភាព។ លោកចង់ឃើញប្រជាជនកម្ពុជាចូលរួមទស្សនាឲ្យបានច្រើន និងទទួលបានភាពរំភើបរីករាយ៕
ប្រភព៖ Sabay