ឯកឧត្ដម ពេជ្រ ស្រស់ ទទូចឱ្យរដ្ឋាភិបាលជួយសង្រ្គោះតម្លៃកសិកម្មឱ្យលក់បានថ្លៃកុំឱ្យកសិករខាតបង់
(រាជធានីភ្នំពេញ)៖ ឯកឧត្ដម ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា និងជាសមាជិកឧត្ដមក្រុមប្រឹក្សា និងពិគ្រោះយោបល់ បានទទូចស្នើដល់រាជរដ្ឋាភិបាលឱ្យជួយសង្រ្គោះតម្លៃកសិកម្មឱ្យប្រជាកសិករលក់បានថ្លៃដើម្បីកុំឱ្យប្រជាកសិករដែលរំពឹងលើការធ្វើកសិកម្មរងនូវការខាតបង់។ នេះបើតាមការបញ្ជាក់នៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់ឯកឧត្ដមប្រធានគណបក្សយុវជនកម្ពុជា អំឡុងកិច្ចប្រជុំប្រចាំខែរបស់ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ដែលធ្វើឡើងនៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២នេះ។
ជុំវិញបញ្ហាតម្លៃកសិកម្មនេះ ឯកឧត្ដម ពេជ្រ ស្រស់ តែងតែតាមដាន និងចូលរួមជាមតិយោបល់ជារឿយៗកាលពីពេលកន្លងទៅ ដោយឯកឧត្ដមធ្លាប់បានផ្ដល់ជាអនុសាស្រ្តមួយចំនួនទាំងតាមរយៈសំណេរលើបណ្ដាញសង្គម និងការផ្ដល់បទសម្ភាសន៍ជូនបណ្ដាញសារព័ត៌មានមួយចំនួនជាហូរហែរ ដើម្បីចូលរួមដោះស្រាយបញ្ហាចុះថ្លៃតម្លៃកសិផល ជាក់ស្ដែងជាការធ្លាក់ចុះថោកនូវតម្លៃស្រូវជាដើម។
គួររម្លឹកថា កាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២២ ឯកឧត្ដម ពេជ្រ ស្រស់ បានផ្សាយផ្ទាល់(Live)នៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់ឯកឧត្ដម ដោយរៀបរាប់អំពីករណីដែលមាន កសិករចំនួណពីរនាក់បានស្រែកហៅឯកឧត្ដមនៅពេលកំពុងបើកឡាន ដើម្បីស្នើឱ្យឯកឧត្ដមជួយដោះស្រាយតម្លៃស្រូវចុះថ្លៃនេះ៕
https://www.facebook.com/pichsrospoliticain/videos/1594458657676590