កែវ សុខសិលា ជាអ្នកចាំទីបានជាប់កំណត់ត្រាដ៏អស្ចារ្យនៅពានសម្ដេចហ៊ុន សែន រយៈពេល៣ឆ្នាំចុងក្រោយនេះ
បន្ទាប់ពីវិសាខា សាងស្នាដៃជាប្រវត្តិសាស្ត្រដោយឈ្នះពានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ៣ ឆ្នាំជាប់គ្នាមិនមានក្រុមណាធ្វើបាន អ្នកចាំទី កែវ សុខសិលា ក៏បានសាងកំណត់ត្រាមិនធ្លាប់មានសម្រាប់តំណែងអ្នកចាំទីផងដែរ។
កែវ សុខសិលា បានក្លាយជាអ្នកចាំទី តែម្នាក់គត់ដែលឈ្នះពានអ្នកចាំទីល្អជាងគេ ៣ ឆ្នាំជាប់គ្នាពេលជួយឲ្យក្រុមលើកពានសម្ដេចតេជោតាំងពីឆ្នាំ ២០២០, ២០២១ និង ២០២២។
នៅឆ្នាំ ២០២០ កែវ សុខសិលា ចូលចាំទីជម្រើសដំបូងក្នុងវគ្គផ្ដាច់ព្រ័ត្រពេល វិសាខា បានយកឈ្នះ ណាហ្គាវើលដ៍ ដោយលទ្ធផល ២-០ និងក្លាយជាអ្នកចាំទីល្អជាងគេលើកដំបូងជាមួយក្លិបក្នុងពានសម្ដេច។ នៅឆ្នាំ២០២១ អតីតអ្នកចាំទីភ្នំពេញក្រោន ក៏ចូលចាប់ជម្រើសដំបូងដូចគ្នានៅប្រកួតចុងក្រោយពានសម្ដេចដោយឈ្នះ ព្រះខ័នរាជស្វាយរៀងដោយគ្រាប់បាល់ប៉េណាល់ទីកាត់សេចក្ដី ៥-៤ ពេលបញ្ចប់ ១២០ នាទីក្នុងលទ្ធផល ២-២។
នេះជាលើកទី២ ដែលរូបគេឈ្នះពានអ្នកចាំទីល្អ។ នៅឆ្នាំ២០២២ រឹតតែមិនអាចបំភ្លេចបាន ពេលវិសាខាឈ្នះពានជាលើកទី៣ ទល់នឹងបឹងកេត។ វិសាខាបានឈ្នះ បឹងកេត ៤-៣ ក្នុងម៉ោងបន្ថែម ១៥ នាទីពីរដង ឬ ១២០ នាទី។ ប៉ុន្តែកំណត់ត្រាមិនធ្លាប់មាននៅពានសម្ដេចតាំងពីឆ្នាំ២០០៧ មកនោះគឺ សុខសិលា ជាអ្នកចាំទីតែម្នាក់គត់រកគ្រាប់បាល់បានចុងម៉ោងក្នុងនាទីទី ៩០ +៧ (យកខ្នងបុកបាល់បញ្ចូលទី) ដើម្បីតាមស្មើបឹងកេត ២-២ មុនថែមម៉ោង ១៥នាទីពីរដង។ បន្ទាប់ពីចប់ការប្រកួត អ្នកចាំទី វ័យ ២៥ ឆ្នាំក្លាយជាអ្នកចាំទីល្អនៅពានសម្ដេច ៣ ឆ្នាំជាប់គ្នា៕