មន្រ្តីសង់ត្រាល់នៅថៃថា ស្ថានភាពជីវភាពពលករខ្មែរមួយចំនួនកំពុងលំបាកព្រោះមិនសូវមានការងារធ្វើ
(ប្រទេសថៃ)៖ ពលករខ្មែរមួយចំនួនដែលកំពុងចំណាកស្រុកទៅប្រទេសថៃកំពុងមានជីវភាពយ៉ាប់យ៉ឺនខ្លាំង ដោយសារមិនអាចស្វែងរកការងារធ្វើបាន ខណៈស្ថានភាពការងារនៅក្នុងប្រទេសថៃកំពុងមានការធ្លាក់ចុះ។ នេះបើតាមបញ្ជាក់របស់លោកលឹង សុផុន មន្ត្រីសិទ្ធិការងារទទួលបន្ទុកផ្នែកពលករចំណាកស្រុករបស់អង្គការសង់ត្រាល់ប្រចាំប្រទេសថៃ ថ្លែងប្រាប់វិទ្យុវាយោ នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២២។
មន្រ្តីរបស់អង្គការសង់ត្រាល់ប្រចាំប្រទេសថៃដដែល បញ្ជាក់ថា ចាប់តាំងពីខែសីហាមកទល់នឹងខែវិច្ឆិកានេះ ពលករខ្មែរលំបាកក្នុងការដាក់ពាក្យចូលធ្វើការនៅតាមរោងចក្រក្នុងប្រទេសថៃណាស់ ហើយពលករខ្លះដែលបានចូលធ្វើការ តែមិនអាចធ្វើការថែមម៉ោងបានច្រើនដូចមុនឡើយ។ ជាក់ស្ដែង លោកឃើញពលករខ្មែរខ្លះបានចេញបេះបន្លែបង្កានៅតាមគុម្ពោព្រៃ ឬជាយព្រៃ ហើយខ្លះទៀតចេញរកចាប់ត្រី ដាក់មង ដាក់សន្ទួច និងស្ទួចត្រីនៅតាមប្រឡាយ ឬតាមអូរ ដើម្បីយកមកផ្គត់ផ្គង់ជីវភាពបន្ថែម។
លោក លឹង សុផុន សង្កេតឃើញថា ជីវភាពរបស់ពលករខ្មែរមួយចំនួននៅក្នុងប្រទេសថៃយ៉ាប់យ៉ឺនខ្លាំង ដោយសារតែកង្វះការងារធ្វើដែលរុញឱ្យប្រាក់ចំណូលរបស់ពួកគេធ្លាក់ចុះ រីឯការចំណាយប្រចាំថ្ងៃក៏ច្រើនជាងចំណូល ហើយទំនិញនៅក្នុងប្រទេសថៃក៏មានការឡើងថ្លៃថែមទៀត៕