អតីតបុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៍២៤៩នាក់ព្រមទទួលសំណង ខណៈវិវាទការងារក្រុមហ៊ុននេះបន្តជាប់គាំង

(រាជធានីភ្នំពេញ)៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានឱ្យដឹងថា នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២ ក្រសួងបានបន្តសម្របសម្រួលវិវាទការងាររួមនៅក្រុមហ៊ុនណាហ្គាវើលដ៍ ដោយមានការចូលរួមពីតំណាងកម្មករនិយោជិត និងតំណាងក្រុមហ៊ុនណាហ្គាវើលដ៍។ នេះបើតាមសេចក្ដីជូនដំណឹងរបស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។

តាមរយៈកិច្ចពិភាក្សាស្វែងរកដំណោះស្រាយ ក្រសួងបញ្ជាក់ថា ភាគីទាំងពីរនៅតែមិនទាន់រកឃើញដោះស្រាយដដែល ព្រោះភាគីតំណាងកម្មករនិយោជិតនៅតែបន្តទាមទារឱ្យយកចូលធ្វើការវិញ ប៉ុន្តែភាគីក្រុមហ៊ុននៅតែមិនអាចទទួលយកចូលធ្វើវិញឡើយ។ យ៉ាងណាមិញ ភាគីតំណាងកម្មករនិយោជិត និងភាគីតំណាងក្រុមហ៊ុនបានឯកភាពកំណត់បរិច្ឆេទប្រជុំដោះស្រាយបន្ទាប់ នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២២ខាងមុខទៀត។

សូមបញ្ជាក់ផងដែរថា គិតត្រឹមថ្ងៃទី២៥ ខែវិច្ឆិកា មានអតីតបុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៍ចំនួន៥នាក់បន្ថែមទៀត ក្នុងចំណោមអតីតបុគ្គលិកដែលមិនទាន់ព្រមទទួលយកប្រាក់បំណាច់បញ្ចប់កិច្ចសន្យាការងារទាំង៣៧៣នាក់ បានយល់ព្រមទទួលប្រាក់សំណង។ ប្រការនេះធ្វើឱ្យចំនួនអតីតបុគ្គលិកដែលព្រមទទួលប្រាក់សំណងសរុបកើនដល់២៤៩នាក់ ពោលគឺនៅសល់១២៤នាក់ទៀត ដែលមិនទាន់យល់ព្រម៕

ក្រុមហ៊ុនណាហ្គាវើលដ៍

 

សូមអានព័ត៌មានលម្អិតនៅក្នុងសេចក្ដីជូនដំណឹងខាងក្រោម​៖

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds