រដ្ឋមន្រ្តីពាណិជ្ជកម្មកម្ពុជារំពឹងអាចបង្កើនការនាំចេញបន្ថែមនៅពេលកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយកូរ៉េចូលជាធរមាន
(ភ្នំពេញ)៖ ឯកឧត្ដម ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានលើកឡើងថា នៅពេលដែលកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-សាធារណរដ្ឋកូរ៉េចូលជាធរមាន នៅថ្ងៃទី០១ ខែធ្នូខាងមុខនេះ នឹងជួយបង្កើនទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ និងបង្កើតកាលានុវត្តភាពនាំចេញថ្មីៗបន្ថែមទៀត។ លោករដ្ឋមន្រ្តីលើកឡើងបែបនេះ នៅក្នុងពិធីបើកសិក្ខាសាលាផ្សព្វផ្សាយ ស្តីពីការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-សាធារណរដ្ឋកូរ៉េ ឬប្រទេសកូរ៉េខាងត្បូង (CKFTA)សម្រាប់ការនាំចេញ នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២។
ជាមួយគ្នា ឯកឧត្ដមរដ្ឋមន្ត្រីពាណិជ្ជកម្ម បានគូសបញ្ជាក់ថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-សាធារណរដ្ឋកូរ៉េ ត្រូវបានផ្តួចផ្តើមឡើងដោយ ប្រមុខរាជរដ្ឋាភិបាល គឺលោកនាយករដ្ឋមន្រ្តីហ៊ុន សែន ក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ លោកប្រធានាធិបតី MOON Jae-In នៃសាធារណរដ្ឋកូរ៉េ មកកាន់ព្រះរាជាណាចក្រកម្ពុជា កាលពីខែមីនា ឆ្នាំ២០១៩។
ឯកឧត្ដមបន្ថែមថា កិច្ចព្រមព្រៀងនេះ នឹងបំពេញបន្ថែមទៅលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី អាស៊ាន-កូរ៉េ និងកិច្ចព្រមព្រៀងអាសិប (RCEP) ដែលមានស្រាប់។ ជាពិសេសនៅក្រោមកិច្ចព្រមព្រៀងនេះទៀតសោត កម្ពុជាបានបើកទីផ្សារ៨៩.០៩ភាគរយ នៃបន្ទាត់ពន្ធគយសរុប ខណៈដែលភាគីកូរ៉េបានបើកទីផ្សារ៩៥.០៣ភាគរយ នៃបន្ទាត់ពន្ធគយសរុប។ ពោល កម្ពុជានឹងអាចនាំចេញទំនិញក្នុងអត្រាពន្ធគយសូន្យភ្លាមៗ បន្ទាប់ពីកិច្ចព្រមព្រៀងចូលជាធរមាននៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២២ ចំនួន៩២.៣៧ភាគរយ នៃបន្ទាត់ពន្ធគយសរុប។
ក្រោយពីទទួលបានគោលការណ៍ឯកភាព និងសិទ្ធិពីរាជរដ្ឋាភិបាលកម្ពុជា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-សាធារណរដ្ឋកូរ៉េ ត្រូវបានចុះហត្ថលេខាជាផ្លូវការជាបីភាសា គឺភាសាខ្មែរ ភាសាកូរ៉េ និងភាសាអង់គ្លេស ដោយរដ្ឋមន្ត្រីពាណិជ្ជកម្មនៃប្រទេសទាំងពីរ កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១ តាមប្រព័ន្ធវីដេអូ។
កម្ពុជាបានផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងទ្វេភាគីនេះ នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២២ ខណៈភាគីកូរ៉េបានបញ្ចប់នីតិវិធីផ្ទៃក្នុងរបស់ខ្លួន និងបានជូនដំណឹងមកកម្ពុជាតាមរយៈកំណត់ទូត ចុះថ្ងៃទី២ ខែតុលា ឆ្នាំ២០២២។ ជារួម កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីនេះ ត្រូវការរយៈពេល ៦០ថ្ងៃ ដើម្បីចូលជាធរមាន បន្ទាប់ពីភាគីជូនដំណឹងទៅវិញទៅមកតាមផ្លូវការទូត អំពីការបញ្ចប់នីតិវិធីផ្ទៃក្នុងនៃការផ្តល់សច្ចាប័នរបស់ខ្លួន ដូចនេះកិច្ចព្រមព្រៀងនេះនឹងចូលជាធរមាននៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២២ឆាប់ៗខាងមុន៕