Update៖សាឡង់បូមខ្សាច់ដែលបើកប៉ះស្ពានបេឡេមិនទាន់យកចេញបានទេ!
(រាជធានីភ្នំពេញ)៖ គិតត្រឹមរសៀលថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២ សាឡង់បូមខ្សាច់ដែលក្រឡាប់ប៉ះស្ពានដែកបេឡេ ឆ្លងទន្លេសាប ភ្ជាប់ពីក្រុងរណបជ្រោយចង្វារ មកកាន់ផ្លូវជាតិលេខ៥ មិនទាន់បានយកចេញនៅឡើយទេ។ អាជ្ញាធរកំពុងសហកាជាមួយខាងជំនាញនិងកំពង់ផែដើម្បីរកកប៉ាល់ និងកាបធំៗដើមមកអូសចេញ ព្រោះសាឡង់នោះមានទម្ងន់រហូតដល់១,៦០០តោន។ នេះបើតាមការបញ្ជាក់ពីលោកឯក ឃុនឌឿន អភិបាលខណ្ឌឫស្សីកែវ ប្រាប់ដល់វិទ្យុវាយោនារសៀលថ្ងៃទី២៣វិច្ឆិកា។
ជាមួយនេះលោកអភិបាលខណ្ឌឫស្សីកែវ ក៏សុំការយោគយល់ពីប្រជាពលរដ្ឋដែលជាអ្នកធ្វើដំណើរឆ្លងកាត់ស្ពានបេឡេ ចំពោះការផ្អាកចរាចរលើស្ពានជាបណ្តោះអាសន្ន ដើម្បីបញ្ចៀសនូវគ្រោះថ្នាក់ជាយថាហេតុ។
គួររម្លឹកថា ហេតុការណ៍សាឡង់ដឹកខ្សាច់បើកប៉ះស្ពានបេឡេនេះ គឺបានកើតឡើងកាលពីរសៀលថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២២ ស្ថិតនៅក្នុងសង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ បើតាមប្រភពព័ត៌មានបានឱ្យដឹងថា មុនពេលកើតហេតុ គេបានឃើញសាឡង់ដឹកខ្សាច់ខាងលើ បើកបរក្នុងទិសដៅពីត្បូងទៅជើង ដោយឡើងបញ្ច្រាស់ខ្សែទឹកហូរ និងដឹកខ្សាច់ធ្ងន់ផងនោះ ក៏បានប៉ះក្រឡាប់បោកផ្ទប់ជាមួយនឹងបង្គោលគ្រឹះស្ពានតែម្ដង៕