ជំងឺទឹកនោមផ្អែមកំពុងក្លាយជាក្ដីបារម្ភដែលនឹងគំរាមកំហែងដល់សុខភាពនិងសេដ្ឋកិច្ចកម្ពុជា
ទោះបីជាជំងឺទឹកនោមផ្អែមមិនមែនជាប្រភេទជំងឺឆ្លង ប៉ុន្តែជំងឺនេះកំពុងក្លាយជាជំងឺដ៏គួរឱ្យព្រួយបារម្ភដែលកំពុងកើតមានលើអ្នកខ្លួនជំងឺភាគច្រើនដែលចូលចិត្តទទួលទានអាហារមានរសជាតិផ្អែមខ្លាំង ប្រៃខ្លាំង និងមានជាតិខ្លាញ់ខ្លាំង។ ជាមួយគ្នា អ្នកជំនាញផ្នែកសុខភាពសាធារណៈ បានបង្ហាញការព្រួយបារម្ភយ៉ាងខ្លាំងស្របពេលដែលអ្នកកើតជំងឺទឹកនោមផ្អែមមានការកើនឡើង។
ស្ថានភាពជំងឺទឹកនោមផ្អែមនៅប្រទេសកម្ពុជា ក៏ដូចជាពិភពលោកកំពុងក្លាយជាក្ដីបារម្ភ ដោយសារប្រជាពលរដ្ឋភាគច្រើន នៅមិនទាន់បានយល់ដឹងពីរបបអាហារត្រឹមត្រូវ និងមិនចាប់អារម្មណ៍អំពីគ្រោះថា្នក់នៃជំងឺនេះ ស្របពេលដែលពិភពលោកកំពុងរួមគ្នាប្រារព្ធទិវាជំងឺទឹកនោមផ្អែមពិភពលោក១៤វិច្ឆិកា។
ទាក់ទងនឹងបញ្ហាជំងឺទឹកនោមផ្អែមនេះ លោកជំទាវ ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាលតាមរយៈអត្ថបទផ្លូវការមួយ កាលពីថ្ងៃ១៤ ខែវិច្ឆិកា បានបង្ហាញពីក្តីបារម្ភដោយលើកឡើងថា បញ្ហាជំងឺមិនឆ្លងដូចជាជំងឺទឹកនោមផ្អែម មិនត្រឹមតែធ្វើឱ្យជួបផលវិបាកសុខភាពប៉ុណ្ណោះទេ បញ្ហានេះក៏កំពុងជះឥទ្ធិពលខ្លាំងដល់និរន្តរភាពសេដ្ឋកិច្ចកម្ពុជាថែមទៀត។
លោកស្រីអ្នកនាំពាក្យបានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ត្រូវយកចិត្តទុកដាក់លើសុខភាពផ្ទាល់ខ្លួន ពិសេសលើរបបអាហារប្រចាំថ្ងៃ ដើម្បីកាត់បន្ថយហានិភ័យដែលបង្កឱ្យមានជំងឺទឹកនោមផ្អែម និងជំងឺមិនឆ្លងផ្សេងៗទៀត។ លោកស្រីថា ប្រជាពលរដ្ឋគួរប្រកាន់យកទម្លាប់ពិសាអាហារល្អ ដោយកុំពិសារប្រៃពេក ផ្អែមពេក ខ្លាញ់ពេក ហើយត្រូវធ្វើលំហាត់ប្រាណជាប្រចាំ ដែលជាមធ្យោបាយដ៏ល្អសម្រាប់ការចូលរួមបង្ការកាត់កើតជំងឺទឹកនោមផ្អែម ជំងឺលើសសម្ពាធឈាម និងជំងឺមិនឆ្លងផ្សេងៗទៀតជាដើម។
អ្នកជំនាញសុខភាពសាធារណៈ លោកវេជ្ជបណ្ឌិតគួច ម៉េងលី បញ្ជាក់ថា ជំងឺនោមផ្អែមបែកចែកជាបីប្រភេទ ហើយនៅកម្ពុជាមានអ្នកកើតជំងឺទឹកនោមផ្អែមទាំងបីប្រភេទនេះច្រើន។ កើតច្រើនដោយហេតុថា ប្រជាពលរដ្ឋខ្មែរភាគច្រើនទទួលទានខុសរបបអាហារត្រឹមត្រូវ និងមិនសូវចូលចិត្តហាត់ប្រាណ ក៏ដូចជាចូលចិត្តពិសារគ្រឿងស្រវឹងផងដែរ។
មិនខុសគ្នាពីលោកស្រីឱ វណ្ណឌីនទេ លោកវេជ្ជបណ្ឌិតគួច ម៉េងលី ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋកុំឱ្យពិសារអាហារមានរសជាតិផ្អែមពេក ឬប្រៃពេក ឬមានជាតិខ្លាញ់ច្រើនខ្លាំងពេកឡើយ ទើបអាចចៀសផុសពីជំងឹទឹកនោមផ្អែម។ ជាពិសេសលោកអ្នកជំនាញផ្នែកសុខភាពសាធារណៈរូបនេះ ស្នើដល់គ្រូពេទ្យជំនាញព្យាបាលទឹកនោមផ្អែមទាំងអស់ឱ្យគួរគោរពវិជ្ជាជីវៈក្នុងការព្យាបាលអ្នកជំងឺទឹកនោមផ្អែម ដោយមិនត្រូវព្យាបាលអូសបន្លាយ ឬចិញ្ចឹមជំងឺ ដើម្បីតែចង់បានប្រាក់ពីអ្នកជំងឺនោះឡើយ។
របាយការណ៍សង្ខេបស្ដីពីសមិទ្ធផលសំខាន់ៗរបស់រដ្ឋាភិបាលកម្ពុជា គិតត្រឹមរយៈពេល៥ឆ្នាំចុងក្រោយ ចាប់ពីឆ្នាំ២០១៧ដល់ឆ្នាំ២០២១បង្ហាញថា កម្ពុជាបានរកឃើញអ្នកផ្ទុកជំងឺទឹកនោមផ្អែមនៅទូទាំងប្រទេសជាង៩ម៉ឺននាក់ និងអ្នកស្លាប់ដោយសារជំងឺនេះជិត៧០នាក់។ មិនតែប៉ុណ្ណោះ បើយោងតាមការវាយតម្លៃរបស់សហព័ន្ធជំងឺទឹកនោមផ្អែមអន្តរជាតិបង្ហាញថា គិតត្រឹមថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២២ អត្រាស្លាប់នៃអ្នកកើតជំងឺទឹកនោមផ្អែមនៅកម្ពុជាបានកើនដល់៨,៣២៥នាក់ ខណៈអត្រាអ្នកកើតជំងឺនេះបានកើនដល់ជិត៥០ម៉ឺននាក់៕