រញ្ជួយ​ដី៥,៦ រ៉ិចទ័រ​វាយប្រហារ​ឥណ្ឌូនេស៊ី​សម្លា.ប់មនុស្សជាង៥០នាក់

(ប្រទេសឥណ្ឌូនេស៊ី)៖ មនុស្ស​យ៉ាង​ហោច​ណាស់ ៥៦​​ បាន​​ស្លាប់​ក្នុង​គ្រោះ​រញ្ជួយ​ដី​នៅ​​លើ​កោះ​ជ្វា​នៃ​ប្រទេស​ឥណ្ឌូនេស៊ី​ ​នា​ថ្ងៃ​ចន្ទ​ទី​២១ ខែវិច្ឆិកា​នេះ​។ នេះ​បើយោង​​តាម​​តួលេខ​របស់​មន្រ្តី​រដ្ឋាភិបាល​ឥណ្ឌូនេស៊ី ​គិត​ត្រឹម​ល្ងាច​ថ្ងៃ​ចន្ទ​។

​​ទី​ភ្នាក់ងារ​សារព័ត៌មាន​ផ្សេង​ៗ​ ​បាន​ចុះ​ផ្សាយ​ថា​ ​ផ្ចិត​នៃ​ការ​រញ្ជួយ​ដី​ស្ថិត​​នៅ​ជម្រៅ​ ១០ គីឡូម៉ែត្រ​ ក្នុង​​​​ក្រុង​​ Cianjur នៃ​ខេត្ត​ជ្វា​ខាង​លិច​ និង​ប្រហែល​ជា​ ៧៥ គីឡូម៉ែត្រ​ភាគ​អាគ្នេយ៍​នៃ​ទី​ក្រុង​ហ្សាការតា​។ ​ការ​រាយការណ៍​ថា​​​ ក្រុង​​ Cianjur រង​ផល​ប៉ះ​ពាល់​ដោយ​សារ​រំញ័រ​​ធ្ងន់​ធ្ងរ​ជាង​គេ​ ​ដោយ​មនុស្ស​យ៉ាង​ហោច​ណាស់​​ ៧០០នាក់ បាន​រង​របួស​។

បើ​យោង​តាម​​ទីភ្នាក់ងារ​អាកាស​ធាតុ​ និង​ភូគព្ភសាស្ត្រ​ឥណ្ឌូនេស៊ី​ (BMKG) ​​គ្រោះ​រញ្ជួយ​ដី​​នេះ​​មាន​កម្រិត​ ៥,៦ ​រ៉ិចទ័រ និង​ធ្វើ​ឱ្យ​មាន​រំញ័រ​ខ្លាំង​ៗ​រហូត​ដល់​​រដ្ឋ​ធានី​ហ្សាការតា​ ប៉ុន្តែ​មិន​បង្ក​ឱ្យ​មាន​ហានិភ័យ​នៃ​រលក​យក្ស​ស៊ូណាមិ​​នោះ​ទេ​​។ ​ ​

លោក​ Herman Suherman​ ប្រធាន​រដ្ឋបាល​នៅ​ទីក្រុង​ Cianjur ​បាន​ប្រាប់​ទូរទស្សន៍​ឥណ្ឌូនេស៊ី​ Kompas TV ​ថា​​៖ «​ទិន្នន័យ​ចុង​ក្រោយ​បំផុត​​បង្ហាញ​ថា​ មនុស្ស​ ៥៦​នាក់ ​បាន​ស្លាប់​។​ ​មនុស្ស​ប្រហែល​ ៧០០​នាក់ ​បាន​រង​របួស។ ជន​រង​គ្រោះ​មក​ពី​តំបន់​ផ្សេង​ៗ​គ្នា​»​។ ​មុននោះ​​ ​មន្រ្តី​ដដែល​​ក៏​បាន​ប្រាប់​​ទៅ​​ទូរទស្សន៍​​មួយ​ផ្សេង​ទៀត​ថា​ ​អ្នក​រង​គ្រោះ​ជា​ច្រើន​បណ្ដាល​មក​ពី​អគារ​​បាក់​សង្កត់​​លើ​។

មក​ទល់​ពេល​នេះ​ អាជ្ញាធរ​ឥណ្ឌូនេ​ស៊ី​ មិន​ទាន់​អាច​កំណត់​ពី​ផល​ប៉ះ​ពាល់លម្អិត​​បាន​នៅ​ឡើយ​ទេ​ ប៉ុន្តែ​មន្រ្តី​នាំ​ពាក្យ​នៃ​រដ្ឋ​បាល​មូលដ្ឋាន​ម្នាក់​ បានប៉ាន់​ស្មាន​​ប្រាប់​ទី​ភ្នាក់​ងារ​សារព័ត៌មាន​ ​​​AFP ​ថា​ ផ្ទះ​រាប់​ពាន់​ខ្នង​ត្រូវ​បាន​ខូច​ខាត​។​
​គួរ​បញ្ជាក់​ថា​ ឥណ្ឌូនេ​ស៊ី​ស្ថិត​នៅ​លើ​​ខ្សែ​ក្រវាត់​​ភ្នំភ្លើង​ប៉ាស៊ីហ្វិក​ ​​​ដែល​ធ្វើ​ឱ្យ​តំបន់​នេះ​រង​នូវ​គ្រោះ​រញ្ជួយ​ដី​ និង​ផ្ទុះភ្នំ​ភ្លើង​ញឹក​ញាប់​។ ​ កាល​ពី​ខែ​កុម្ភៈ​ ការ​រញ្ជួយ​ដី​កម្រិត​ ៦,២ រ៉ិចទ័រ​ បាន​សម្លាប់​មនុស្ស​យ៉ាង​តិច​ ២៥​ នាក់​ និង​របួស​ជាង​៤៦០​ នាក់​ នៅ​ក្នុង​ខេត្ត​ស៊ូម៉ាត្រា​ខាង​លិច​។​ ​នៅ​​​ខែ​មករា​​ឆ្នាំ​​មុន​ ការ​រញ្ជួយ​ដី​​កម្រិត​ ៦,២ ​រ៉ិចទ័រដូច​គ្នា​​ បានបណ្ដាលឱ្យ​​មនុស្ស​ជាង​ ១០០​ នាក់​ ស្លាប់និង​​របួស​ជិត​ ៦ ៥០០ នាក់​នៅ​​ក្នុងខេត្ត​ West Sulawesi ហើយ​ក្នុង​ប្រវត្តិសាស្រ្ត​ដ៏​ជូរ​ចត់​មួយ​របស់​ពិភព​លោក​ គឺ​រញ្ជួយ​ដីក្នុង​កម្រិតពី​​ ៩,១ ទៅ​ ៩,៣ រ៉ិចទ័រ​ ​នៅ​ឆ្នាំ​ ២០០៤ ក្នុង​មហាសមុទ្រ​​ឥណ្ឌា​ ក្បែរ​កោះ​ស៊ូមាត្រា​​ ដែល​បង្ក​ឱ្យ​មាន​រលក​យក្ស​ស៊ូណាមិ​​​​ស្លាប់​មនុស្ស​អស់​ជិត​​ ២៣០ ០០០ នាក់​​ នៅ​​ទូទាំង​​ប្រទេស​​រាប់​សិប​​ ដោយ​​ឥណ្ឌូនេស៊ី​ ស្រីលង្កា​ ឥណ្ឌា ​ម៉ាល់ឌីវ​ និង​​ថៃ​ រង​គ្រោះ​ខ្លាំង​ជាង​គេ​៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds