រយៈពេល៣ឆ្នាំចុងក្រោយ! កម្ពុជានាំចេញសត្វស្វាជិត៧ម៉ឺនក្បាល
ឯកឧត្ដម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទដែលទើបឡើងកាន់តំណែងថ្មីថ្មោង បានបញ្ជាក់តាមរយៈបណ្ដាញសង្គមធ្វីតទ័រ(Twitter)ផ្ទាល់ខ្លួនថា ក្នុងរយៈពេលបីឆ្នាំចុងក្រោយ ពោលចាប់ពីឆ្នាំ២០២០ ដល់ឆ្នាំ២០២២នេះ កម្ពុជាបានសម្រេចការនាំចេញសត្វស្វាសរុបចំនួន៦៨,០៧៦ក្បាល ស្របតាមគោលការណ៍អនុសញ្ញាការពារសត្វ និងរុក្ខជាតិជិតផុតពូជ ឬហៅកាត់ថាសាយតេស(CITES)។
ឯកឧត្ដមរដ្ឋមន្រ្តីកសិកម្មគូសបញ្ជាក់ថា នៅឆ្នាំ២០២០ កម្ពុជាបាននាំចេញសត្វស្វាទៅក្រៅប្រទេសចំនួន២២,៥៩៤ក្បាល ឆ្នាំ២០២១ចំនួន២៤,២០៦ក្បាល និងឆ្នាំ២០២២ចំនួន២១,២៧៦ក្បាល។ ភាគច្រើននៃសត្វស្វាដែលកម្ពុជានាំចេញ គឺនាំទៅកាន់សហរដ្ឋអាមេរិក ដោយក្នុងរយៈពេល៣ឆ្នាំចុងក្រោយនេះកម្ពុជានាំចេញស្វាទៅសហរដ្ឋអាមេរិកសរុបចំនួន៥៤,០៤៥ក្បាល។
តាមសំណេរដដែល ឯកឧត្ដម ឌិត ទីណា បានឱ្យដឹងថា សត្វស្វាដែលសហរដ្ឋអាមេរិកចាត់ទុកជាសត្វកម្រនោះ គឺត្រូវបានប្រជាពលរដ្ឋខ្មែរស្គាល់យ៉ាងច្បាស់ថា ជាស្វាវត្តភ្នំ ដែលជាសត្វសម្បូរនិងមានវត្តមាននៅទូទាំងប្រទេសទាំងក្នុងព្រៃធម្មជាតិ ក៏ដូចជានៅតំបន់ជាយក្រុងនិងទីក្រុង។ យ៉ាងណា លោកថា បើនិយាយដល់ការនាំចេញដែលគោរពតាមគោលការណ៍នៃអនុសញ្ញាសាយតេស(CITES)គឺសត្វស្វាវត្តភ្នំមិនអាចនាំចេញបានឡើយ។ សត្វដែលនាំចេញ ជាកូនស្វាដែលបង្កើតនៅតាមកសិដ្ឋាន និងនាំចេញសម្រាប់ផ្នែកស្រាវជ្រាវពិសោធន៍បែបវេជ្ជសាស្រ្ត។
ជាក់ស្ដែង បើតាមសេចក្ដីប្រកាសព័ត៌មានក្រសួងកសិកម្ម កាលពីថ្ងៃ១៧វិច្ឆិកា បញ្ជាក់ថា កសិដ្ឋានដែលចិញ្ចឹមសត្វស្វាក្តាមសម្រាប់នាំចេញ ទម្រាំទទួលបានការទទួលស្គាល់តាមផ្លូវច្បាប់ គឺសុទ្ធតែតម្រូវឱ្យគោរពតាមបទដ្ឋានអនាម័យ និងវិធីសាស្ត្រចិញ្ចឹមត្រឹមត្រូវ ដើម្បីរក្សាឱ្យបាននូវហ្សេនេទិករបស់វា ដោយមិនឱ្យផុតពូជនោះឡើយ។ មិនតែប៉ុណ្ណោះ លោកបានលើកជាសំណួរថា ក្នុងចំណោមសត្វស្វាដែលកម្ពុជានាំចេញទាំងជិត៧ម៉ឺនក្បាល តើមានប៉ុន្មានក្បាលបានចូលរួមក្នុងការផលិតវ៉ាក់សាំងកូវីដ-១៩?
ឯកឧត្ដមរដ្ឋមន្រ្តីវ័យក្មេងដដែលឱ្យដឹងបន្ថែមថា សត្វស្វាក្ដាម(Crab-eating macaque)ជាសត្វស្វាកម្រ និងជិតផុតពូជនៅក្នុងឧបសម្ព័ន្ធទី២ នៃ អនុញ្ញាសាយតេស(CITES)។ លោកចោទសួរទៀតថា តើធ្វើដូចម្ដេចទើបកម្ពុជាអាចនាំចេញសត្វស្វាឱ្យបានលើសពី១៧,០០០ក្បាលក្នុងមួយឆ្នាំ? លោកឆ្លើយថា គឺយើងនឹងចិញ្ចឹមពួកវា។
ការលើកឡើងជុំវិញការនាំចេញសត្វស្វារបស់លោករដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បន្ទាប់ពីមន្រ្តីជាន់ខ្ពស់របស់ក្រសួងកសិកម្ម លោកគ្រី ម៉ះផល ដែលជាប្រធាននាយកដ្ឋានសត្វព្រៃ និងជីវចម្រុះនៃរដ្ឋបាលព្រៃឈើ។ បច្ចុប្បន្នស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសហរដ្ឋអាមេរិក កំពុងសម្របសម្រួលតាមផ្លូវច្បាប់ និងស្វែងរកមេធាវីដើម្បីការពារក្តីដល់មន្រ្តីកម្ពុជាដែលជាប់ចោទពីបទរត់ពន្ធសត្វស្វាខុសច្បាប់នេះ៕