កម្ពុជាបន្តរកឃើញអ្នកឆ្លងកូវីដអូមីក្រុង៤នាក់ទៀត និងជាសះស្បើយ៣នាក់
ក្រសួងសុខាភិបាលបន្តរកឃើញអ្នកឆ្លងវីរុសកូវីដ-១៩ ចំនួន៤នាក់ទៀត កាលពីថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២២ តាមរយៈការធ្វើតេស្តសំណាកដោយម៉ាស៊ីនPCR ដែលសុទ្ធសឹងតែជាអ្នកឆ្លងវីរុសកូវីដ-១៩ បំប្លែងខ្លួនអូមីក្រុង និងជាអ្នកឆ្លងក្នុងសហគមន៍ទាំងអស់។ ជាមួយគ្នា មានអ្នកជំងឺកូវីដ-១៩ចំនួន៣នាក់ទៀត បានជាសះស្បើយថ្មី និងគ្មានអ្នកស្លាប់ថ្មីបន្ថែមឡើយ។ នេះបើតាមរបាយការណ៍របស់ក្រសួងសុខាភិបាល ចេញផ្សាយនៅថ្ងៃទី២១វិច្ឆិកានេះ។
គិតរហូតមកទល់ពេលនេះ កម្ពុជាបានរកឃើញអ្នកឆ្លងវីរុសកូវីដ-១៩ សរុបកើនដល់១៣៨,០៣២នាក់ ក្នុងនោះរួមមាន អ្នកដំណើរមកពីក្រៅប្រទេសសរុបចំនួន២១,២៣៥នាក់ និងអ្នកឆ្លងវីរុសកូវីដ-១៩អូមីក្រុងក្នុងសហគមន៍សរុបចំនួន១៦,២១៣នាក់។ ដោយឡែក អ្នកជំងឺដែលជាសះស្បើយសរុបមានចំនួន១៣៤,៩៤៣នាក់ និងអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ សរុបមានចំនួន៣,០៥៦នាក់៕