ឆ្អឹងដាយណូស័រដែលរកឃើញនៅខេត្តកោះកុងអាចមានអាយុយ៉ាងតិច៦៥លានឆ្នាំ!
(ខេត្តកោះកុង)៖ ផូស៊ីលឆ្អឹងដាយណូស័រ ត្រូវបានរកឃើញនៅតំបន់ការពារធម្មជាតិកោះប៉ោ ក្នុងដែនជម្រកសត្វព្រៃតាតៃ ឃុំបាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង។ នេះបើតាមការបញ្ជាក់នៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់ក្រសួងបរិស្ថាន។
ផូស៊ីលនេះគឺជាឆ្អឹងស្មងជើងខាងឆ្វេងរបស់ដាយណូស័រមួយប្រភេទ មានប្រវែង៧០សង់ទីម៉ែត្រ និងទទឹង២០សង់ទីម៉ែត្រ ដែលអាចមានអាយុកាល៦៥លានទៅ១៩០លានឆ្នាំមុន។ នេះជាផូស៊ីលឆ្អឹងសត្វដំបូងគេដែលរកឃើញនៅកម្ពុជា។
តាមរយៈផែនទីភូគព្ភសាស្ត្រ តំបន់ដែលបានប្រទះឃើញផូស៊ីលឆ្អឹងសត្វនេះ មានអាយុកាលក្នុងស័កទី២ (៦៥លាន-១៩០លានឆ្នាំមុន) មានន័យថា វាអាចមានទំនាក់ទំនង នឹងសត្វដែលរស់នៅក្នុងពេលដាយណូស័រនៅមានជីវិត៕