សមត្ថកិច្ចខេត្តតាកែវកំពុងស្រាវជ្រាវកំណត់មុខសញ្ញា ខណៈចោរកម្មបានកើតឡើងច្រើនករណី
(ខេត្តតាកែវ)៖ លោកឧត្ដមសេនីយត្រី សៅ សារុន ស្នងការរងផែនការងារសេនាធិការ និងជាអ្នកនាំពាក្យស្នងការដ្ឋាននគរបាលខេត្តតាកែវ បានឱ្យដឹងនៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២២ថា នារយៈពេលថ្មីៗនេះ ពិតជាមានករណីចោរកម្មកើតឡើងនៅក្នុងភូមិសាស្រ្តខេត្តតាកែវ ជាពិសេសនៅក្នុងក្រុងដូនកែវពិតប្រាកដមែន។
ប៉ុន្តែយ៉ាងណា លោកឧត្ដមសេនីយត្រីថា ក្រោយទទួលបានព័ត៌មានពីករណីចោរកម្មទាំងនោហ លោកឈាង សុផាន់ណារ៉ា ស្នងការនគរបាលខេត្តតាកែវ បានដាក់ចេញនូវផែនការបង្រ្កាបរួចហើយ។ មិនតែប៉ុណ្ណោះ លោកស្នងការក៏បានណែនាំដល់កម្លាំងសមត្ថកិច្ចជំនាញ ឱ្យសហការជាមួយអធិការដ្ឋានស្រុក/ក្រុង ប៉ុស្តិ៍នគរបាលរដ្ឋបាល ក៏ដូចជាបានឱ្យកម្លាំងប្រជាការពារ ចុះល្បាតពួកស្ទាក់ នៅតាមគោលដៅងាយរងគ្រោះចន្លោះពីម៉ោង៨យប់ ដល់ម៉ោង៤ជិតភ្លឺជាប្រចាំ។
អ្នកនាំពាក្យស្នងការនគរបាលខេត្តតាកែវដដែល បន្ថែមថា បច្ចុប្បន្នកម្លាំងស្នងការនគរបាលខេត្តតាកែវកំពុងតាមដានមុខសញ្ញាចោរកម្ម ឬព្រហ្មទណ្ឌទាំងចាស់ និងថ្មី ជាពិសេសមុខសញ្ញាដែលទើបតែដោះលែងចេញពីពន្ធនាគារ។
លើសពីនេះ លោកឧត្ដមសេនីយត្រី សៅ សារុន បានឱ្យដឹងទៀតថា ក្រៅពីតាមដានមុខសញ្ញាចោរកម្ម សមត្ថកិច្ចក៏កំពុងគ្រប់គ្រង និងតាមដានយ៉ាងយកចិត្តទុកចំពោះមធ្យោបាយដែលមុខសញ្ញាប្រើប្រាស់ ដើម្បីធ្វើសកម្មភាពលួច ឆក់ និងប្លន់ផងដែរ។
ជាងនេះទៅទៀត លោកស្នងការរងនគរបាលខេត្តតាកែវ បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ឱ្យបង្កើនការប្រុងប្រយ័ត្នចំពោះការថែរក្សាទ្រព្យសម្បត្តិរបស់ខ្លួន និងស្នើឱ្យមានការចាក់សោរសុវត្ថិភាពផ្ទះសម្បែង ឬរបស់របរមានតម្លៃឱ្យបានត្រឹមត្រូវ។ ដោយឡែក បើករណីជួបនូវករណីចោរកម្ម លោកណែនាំឱ្យពលរដ្ឋទាក់ទងទៅលេខទូរស័ព្ទក្រុមប្រតិកម្មរហ័សរបស់ស្នងការដ្ឋាននគរបាលខេត្តតាកែវ(០៩៧៧៧៨០០០៥) ឬលេខទូរស័ព្ទរបស់អធិការដ្ឋានស្រុក និងក្រុងទាំង១០។
គួរបញ្ជាក់ថា នៅរយៈពេលចុងក្រោយនេះ មានសារព័ត៌មានមួយចំនួន ក៏ដូចជាប្រជាពលរដ្ឋដែលរស់នៅក្នុងខេត្តតាកែវ បានបង្ហាញការព្រួយបារម្ភចំពោះការកើនឡើងនូវករណីចោរកម្មលួចឆក់ប្លន់នៅក្នុងភូមិសាស្រ្តខេត្តតាកែវ។ ជាក់ស្ដែង ប្រជាពលរដ្ឋបានស្នើដល់សមត្ថកិច្ចឱ្យមានការវិធានការ និងចំណាត់ការចំពោះករណីចោរកម្មនេះ៕