រឿងថ្មីកើតឡើង! ពូចក់ ត្រូវភរិយាប្រកាសឲ្យប៉ូលិសចាប់ខ្លួន និងចោទថាជាចោរ…
មានការភ្ញាក់ផ្អើលជាថ្មីម្ដងទៀតហើយ បន្ទាប់ពីភរិយាអ្នកនិយាយកីឡាបាល់ទាត់ល្បីឈ្មោះ Admin ជីង ចក់ បានទម្លាយពីវិវាទគ្រួសារជាលើកទីពីរ ។ ម្ដងនេះខុសពីលើកមុន ដែលនិយាយហែកហួរគ្នារឿងលើគ្រែ តែលើកនេះស្រីស្អាត ទ្រិញ ផល្លារ បានប្រកាសយ៉ាងច្បាស់ថា ប្ដីរបស់ខ្លួនលួចទ្រព្យសម្បត្តិរត់ចេញពីផ្ទះ ហើយពេលនេះកំពុងរត់គេចខ្លួន ។
បើទោះជាយ៉ាងណា ការប្រកាសរបស់ថៅកែអនឡាញអ្នកនាង ទ្រិញ ផល្លារ ជាលើកទីពីរនេះ ហាក់ត្រូវបានមហាជនគិតថាជាការលេងសើច និងមិនសូវមានអ្នកជឿជាក់ថា ជារឿងពិតប៉ុន្មានឡើយ ព្រោះកន្លងមកធ្លាប់ត្រូវបានប្ដីប្រពន្ធមួយគូនេះប្រឌិតរឿង ទាញយកប្រជាប្រិយភាពដើម្បីរកស៊ីម្ដងរួចហើយ ។
ប៉ុន្តែអ្វីដែលធ្វើឱ្យមានការចាប់អារម្មណ៍នោះ គឺស្រីស្រស់ដែលជាថៅកែអនឡាញល្បីឈ្មោះខាងលើនេះ បានប្រកាសសង្កត់ធ្ងន់ផ្ដល់ប្រាក់រង្វាន់ចំនួន ១០,០០០ដុល្លារ ចំពោះបុគ្គល ឬបើអាជ្ញាធរសមត្ថកិច្ចចាប់ខ្លួន ជីងចក់ បាន ។
នៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់ ទ្រិញ ផល្លារ បានបញ្ជាក់ឱ្យដឹងតាមរយៈសរសេរយ៉ាងច្បាស់ដូច្នេះថា៖ «មនុស្សរត់ទៅពោធ៍សាត់ អ្នកពោធ៍សាត់ ឃើញប្រាប់ប៉ូលីសចាប់មនុស្សបាន១០,០០០$ ជិះព្រូសពណ៍ស ជិះគ្នាបីនាក់» ។
បន្ថែមពីនោះ ប្រភពដដែលបានបន្តដោយទម្លាយនូវរូបភាពAdmin ជីង ចក់ ជាស្វាមីលុតជង្គងក្រាបក្បាលដល់ចុងជើងប្រពន្ធ ដើម្បីសុំអភ័យទោសចំពោះកំហុសថែមទៀតផង ។
បើទោះជាយ៉ាងណាស្រីស្អាត ទ្រិញ ផល្លារ នៅតែអះអាងដោយទទូចថា ចាំដោះស្រាយគ្នានៅប៉ុស្ដិ៍ប៉ូលិស ។ ស្រីស្រស់សម្រស់ទ្រលុកទ្រលន់អ្នកនាង ទ្រិញ ផល្លា បានបញ្ជាក់ថា៖
«នេះជារូបភាពសុំទោសខ្ញុំ កាលពីមិ្សលមិញ ចាំដោះស្រាយជាមួយប៉ូលិស រត់ទៅពោសោធ៍សាត់ ជិះព្រូសពណ៍ស ម្ចាស់ឡានឈ្មោះសី ប៉ូលិសឃើញឃាត់ខ្លួនផងពីបទដឹកចោររត់ ចោរឈ្មោះ ចក់» ។
សូមរំលឹកថា នេះគឺជាលើកទីពីរហើយដែលប្ដីប្រពន្ធដ៏មានឥទ្ធិពលនៅលើបណ្ដាញសង្គមមួយគូរនេះ យករឿងគ្រួសារលាតត្រដាងឱ្យគេបានដឹងជាសាធារណៈ ពោលគឺកាលពីប៉ុន្មានកន្លងទៅនេះ ប្ដីប្រពន្ធAdmin ជីង ចក់ និងស្រីស្អាត ទ្រិញ ផល្លា បានធ្វើព្យុះភ្លៀងយ៉ាងខ្លាំងពាក់ព័ន្ធនឹងវិវាទដោយសារស្វាមីរបស់ខ្លួនមានទំនាក់ទំនងជាមួយនារីខាងក្រៅជាច្រើន ។
តែរឿងរ៉ាវនោះ បានស្ងប់ស្ងាត់ទៅវិញ បន្ទាប់ពីមានការទម្លាយថា អ្នកទាំងពីរត្រូវរ៉ូវគ្នាវិញ ខណៈមហាជនភាគច្រើនយល់ថា ពួកគេគ្រាន់តែប្រឌិតរឿងនេះឡើង ដើម្បីទាញយកប្រជាប្រិយភាពរកស៊ីប៉ុណ្ណោះ ។
ប៉ុន្តែមិនបានប៉ុន្មាននៅព្រឹកមិញនេះ ស្រីស្អាត ទ្រិញ ផល្លារ ក៏បានប្រកាសជាថ្មីម្ដងទៀតថា Admin ជីង ចក់ ដែលជាស្វាមីបណ្ដូលចិត្តរបស់ខ្លួនបានលួចទ្រព្យសម្បត្តិរត់ចេញពីផ្ទះ និងកំពុងរត់គេចខ្លួន ។
លើសពីនេះនាងបានប្រកាសផ្ដល់ប្រាក់រង្វាន់១ម៉ឺនដុល្លារដល់អ្នកដែលចាប់ខ្លួន Admin ជីង ចក់ បានថែមទៀតផង ។ ទោះបីជាយ៉ាងណា នាងមិនទាន់បានបញ្ជាក់នោះទេថា ទ្រព្យសម្បត្តិដែលស្វាមីរបស់ខ្លួនយកទៅនោះមានចំនួនប៉ុន្មាននោះដែរ។
មហាជនកំពុងតាមដានរឿងនេះ តើជាការសម្ដែង ឬជាការពិត។ ប្រសិនបើជាការពិតមែននោះ អនាគត និងកេរឈ្មោះរបស់ ពូចក់ ដែលខំកសាងរាប់ឆ្នាំមកនោះ ប្រហែលជាត្រូវរលាយសាបសូន្យមិនខាន៕