សំណាងមកដល់ហើយ!! លោក សួន ពិសិដ្ឋ ផ្តល់ឱកាសបង្ហាត់បង្រៀន ទុំ សុវត្ថិ ដោយផ្ទាល់ ហើយថែមទាំងនិពន្ធបទចម្រៀង ផលិតជាMV ក្នុងផលិតកម្មយក្សនេះទៀត
យោងតាមហ្វេសប៊ុកផេករបស់លោក សួន ពិសិដ្ឋ អ្នកនិពន្ធទំនុកច្រៀងនៅផលិតកម្ម ហង្សមាស នៅថ្ងៃទី ០៣ ខែមិថុនា ឆ្នាំ២០២២នេះ បានសរសេរខ្លឹមថា ៖ ប្អូន ទុំ សុវត្ថិ ខ្ញុំបានមើលនិងស្ដាប់ការច្រៀងប្រឡងក្នុងកម្មវិធី Cambodian Idol ថ្មីៗនេះរបស់ប្អូនរួចរាល់ហើយ ទើបតែបានមើលក្រោយគេ! ប្អូនមានចំណុចខ្សោយ និង ប្អូនក៏មានចំណុចខ្លាំង!
ទី១). គណៈកម្មការទាំង ៤ រូប លោក ណុប បាយ៉ារិទ្ធ អ្នកនាង ឱក សុគន្ធកញ្ញា អ្នកនាង សុខ សីឡាលីន និង លោក ឆន សុវណ្ណារាជ បានលើកឡើងអំពីចំណុចវិជ្ជមាន និង អវិជ្ជមាន អំពីទេពកោសលពូកែ និងខ្វះខាតក្នុងការច្រៀងរបស់ប្អូន សុទ្ធសឹងតែត្រូវទាំងអស់! គាត់ទាំង ៤ រូប មានមូលហេតុ និងផលល្អ ជាក់ប្រាកដ ច្បាស់លាស់របស់គាត់រៀងៗខ្លួនឈរក្នុងការសម្រេចចិត្តកាត់សេចក្ដីជាប់ ឬធ្លាក់!។
ទី២). ប្អូនមាន (ដុង) ទេពកោសល ឧបនិស្ស័យ ទឹកដមសម្លេងពីកំណើតល្អ និងចេះរបៀបបែបផែននៃការច្រៀងអឺនអង (អឿនឈឿន!) បានល្អ!។
ទី៣). និយាយអំពីបច្ចេកទេសសម្លេង និង ការច្រៀងរបស់ប្អូនវិញម្ដង: សម្លេងប្អូនប្រើចេញពីដើមទ្រូង ទៅបំពង់ក ដល់គល់ថ្គាម ចូលក្រអូមមាត់ និង ចុងច្រមុះបន្តិច។
ប្អូនច្រៀងប្រកាន់តុងក្នុងបទភ្លេងបានល្អខ្លាំង ភ្លាវតិចតួចបំផុត ចង្ចាក់ក៏ល្អ ចេះប្រើសម្លេងខ្មោចពេលស្រែកឡើងខ្ពស់ចេះទប់សម្លេងទោះជាស្ទើបន្តិចក៏ដោយ ដោយសារអស់កម្លាំងខ្ញុំយល់! ចេះថ្នម ចេះខ្លាំង ខ្យល់ដង្ហើមវែងល្មមគួរសម មិនទាន់ចេះប្រើខ្យល់ដង្ហើមនិងមិនទាន់ចេះទប់ខ្យក់ដង្ហើម រលកសម្លេងមានរលកចង្វាក់រណ្ដំល្អ គ្រាន់តែការតែមិនទាន់ចេះនិងយល់របៀបនៃការប្រើរលកក្នុងការប្រើសម្លេងនៅឡើយ រីឯសម្លេងកណ្ដាលរបស់ប្អូនធ្ងន់ល្អ និងមានកម្លាំងមាំធំ រួមទាំងពេលស្រែកឡើងដែរ ទាស់ត្រង់មួយចំណុច ដោយសារតែសម្លេងចុងច្រមុះ លាយនិងក្រអូមមាត់ និងគល់ថ្គាមនេះហើយដែលធ្វើឱ្យសម្លេងប្អូនស្រដៀងទៅនិងសម្លេង គណៈកម្មការ ឆន សុវណ្ណារាជ ច្រើនគួរសម! ហើយការច្រៀងស្រែកទៅតុងខាងលើៗរបស់ប្អូននៅស្ទើខ្ពស់មិនដល់តុង បើទោះជាអស់កម្លាំងយ៉ាងណាក៏ដោយ..ប៉ុន្តែ…! ពេលដែលប្អូនច្រៀងចុះមកសម្លេងខាងក្រោមវិញប្អូនប្រើសម្លេងដើមទ្រូងទាំងស្រុងនោះ គឺក្រោមខ្លាំងហើយបានធ្ងន់ល្អខ្លាំងណាស់ និងមានទឹកដមក្រអួនល្អ និងល្អជាងសម្លេងតារាចម្រៀងអាជីពក្នុងវិស័យសិល្បៈតន្រ្តីចម្រៀងខ្លះផងក៏មិនមាន និងមិនអាចធ្ងន់មានទម្ងន់ និងមានទឹកដមល្អដូចជាសម្លេងប្អូននោះឡើយ! ហើយសម្លេងដើមទ្រូងខាងក្រោមរបស់ប្អូនគឺមិនច្រឡំជាមួយអ្នកណា ឬតារាចម្រៀងរាមច្បងណានោះឡើយ! គឺ Unique!
ទី៤). សម្រាប់ខ្ញុំ គឺខ្ញុំផ្ទាល់ឱ្យប្អូនជាប់ទៅប្រឡងដំណាក់កាលបន្ទាប់ទៀត ដូចជាគណៈកម្ម លោក ណុប បាយ៉ារិទ្ធ និង គណៈកម្មការ សុខ សីឡាលីន ដូច្នោះដែរ! គណៈកម្មការទាំង ២ រូបទៀតគាត់មិនឱ្យប្អូនជាប់គឺគាត់មាន ហេតុ និង ផល វិជ្ជាជីវៈ បទពិសោធន៍ និងការវាស់វែង ថ្លឹងថ្លែង ច្បាស់លាស់របស់គាត់ក្នុងការសម្រេចចិត្តមិនឱ្យប្អូនជាប់ឈរក្នុងភាពត្រឹមត្រូវរបស់គាត់! ប៉ុន្តែបើទោះជាប្អូនមិនជាប់ក៏ដោយ កុំអស់សង្ឃឹម ត្រូវតែរឹងមាំ ឈប់យំ! បន្តដំណើរតទៅមុខទៀតរហូតទាល់តែទទួលបានជោជ័យគោលដៅសុបិន្ត ជាតារាចម្រៀងល្បីក្នុងវិស័យសិល្បៈតន្រ្តីចម្រៀងខ្មែរមួយរូបនេះ!
ទី៥). បងគាំទ្រប្អូន ហើយ និងផ្ដល់ឱកាសទទួលប្អូនជាកូនសិស្សរបស់បងផ្ទាល់ ខ្ញុំនឹងបង្វឹកបង្ហាត់បង្រៀនប្អូនដោយផ្ទាល់ដល់ផ្ទះនិង studio ខ្ញុំតែម្ដង អំពីរបៀប និងបច្ចេកទេសច្រៀងនិងកុងត្រូលសម្លេង ស្គាល់ណាតភ្លេងដឹងការកុងត្រូលតុងនិងចង្វាក់ និងសម្លេងបានច្បាស់ ចេះប្រើដង្ហើម ចេះទប់ខ្យលើដង្ហើម និង ដង្ហើមវែង និងច្រៀងចុះក្រោមកាន់តែធ្ងន់កាន់តែចុះក្រោមបានទៀត ប្រើសម្លេងខ្មោចកាន់តែខ្ពស់ក្រលួចក្រអួន ស្រែកកាន់តែបានខ្ពស់មានកម្លាំងនិងទឹកដម ប្រែក្លាយប្អូនឱ្យក្លាយជាតារាចម្រៀងអាជីព Professional និងចេះអក្សរភ្លេងណោតច្រៀងច្បាស់លាស់មិនលំៗ!