លោកឃឹម ហ្វីណង់ ថាគ្មានអ្វីត្រូវខ្មាស់អៀន នឹងលើកដៃសំពះ សុំសន្លឹកឆ្នោតពីពលរដ្ឋទេ
ខណៈដែលការបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់ ដែលនឹងឈានចូលមកដល់ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២ ខាងមុខនេះ លោកឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី បានលើកឡើងថា មេឃុំៗមកពីគណបក្សប្រជាជនកម្ពុជានៅក្នុងស្រុកបន្ទាយស្រី
ពិតជាបានខិតខំប្រឹងប្រែងអស់ពីសមត្ថភាពមែនក្នុងពេលពេញមួយអាណត្តិកន្លងមកនេះ ហើយក៏មិនដែលសន្យាខ្យល់ដែរ មានរឿងអ្វីត្រូវខ្មាសអៀននឹងលើកដៃសំពះសុំឱ្យអ្នកភូមិបន្តការគាំទ្រ និងបោះឆ្នោតឱ្យ ដើម្បីបានដឹកនាំមូលដ្ឋានសម្រាប់អាណត្តិថ្មីថែមទៀត។
លោកឃឹម ហ្វីណង់ បានបញ្ជាក់នៅក្នុងគណនីហ្វេសប៊ុករបស់លោកថា « ស្នាមញញឹមរបស់អ្នកឃុំរុនតាឯក ពិតជាបានផ្តល់ក្តីសង្ឃឹមដល់បេក្ខភាពមេឃុំជាស្ត្រីមកពីគណបក្សប្រជាជនកម្ពុជាពិតប្រាកដមែន!
អាចនិយាយថា ដល់ម៉ោងដើរសំពះសុំសន្លឹកឆ្នោតក៏បាន តែមេឃុំៗមកពីគណបក្សប្រជាជនកម្ពុជា នៅក្នុងស្រុកបន្ទាយស្រី ពិតជាបានខិតខំប្រឹងប្រែងអស់ពីសមត្ថភាពមែនក្នុងពេលពេញមួយអាណត្តិកន្លងមកនេះ ហើយក៏មិនដែលសន្យាខ្យល់ដែរ មានរឿងអ្វីត្រូវខ្មាសអៀននឹងលើកដៃសំពះសុំឱ្យអ្នកភូមិបន្តការគាំទ្រ និងបោះឆ្នោតឱ្យដើម្បីបានដឹកនាំមូលដ្ឋានសម្រាប់អាណត្តិថ្មីថែមទៀត?
គណបក្សប្រជាជនកម្ពុជា តែងប្រុងប្រយ័ត្នណាស់ ក្នុងការជ្រើសរើសគុណភាព នៃបេក្ខជនក្រុមប្រឹក្សាឃុំរបស់ខ្លួន ដើម្បីយកមកចូលរួមប្រកួតប្រជែងដណ្តើមយកសំឡេងនៅក្នុងការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់នាពេលខាងមុខនេះ។
ពេញកម្លាំង មានសមត្ថភាព មានបទពិសោធ កេរ្តិ៍ឈ្មោះល្អ និងមានឆន្ទៈបម្រើប្រជាពលរដ្ឋពិតប្រាកដ ជាពិសេស សម្រាប់ឃុំរុនតាឯកនេះ យើងសម្រាំងជ្រើសរើសបានបេក្ខជនជាស្ត្រីថែមទៀតផង ដែលនឹងក្លាយជាប្រវត្តិសាស្ត្រលើកដំបូងសម្រាប់ស្រុកបន្ទាយស្រី ប្រសិនបើលោកស្រី ឈួន អ៊ឹម ពិតជាបានលទ្ធផលល្អ និងក្លាយជាមេឃុំស្ត្រីទី១ ដូចការរំពឹងទុកមែន»៕