Elon Musk បានលូកលាន់នារីភេទម្នាក់ដែលបម្រើការនៅលើយន្តហោះឯកជនក្នុងបំណង
(បរទេស)៖ រឿងរ៉ាវក្តៅគគុកទាក់ទងនឹងលោក Elon Musk ដែលជាកំពូលមហាសេដ្ឋីលំដាប់ពិភពលោក ត្រូវបានសារព័ត៌មាន Business Insider ចេញផ្សាយថា លោកបានលូកលាន់នារីភេទម្នាក់ដែលបម្រើការនៅលើយន្តហោះឯកជនក្នុងបំណងមិនល្អ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNBC នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២២។
យ៉ាងណាមិញករណីខាងលើនេះត្រូវបានភាគីខាងក្រុមហ៊ុន SpaceX បានបង់ប្រាក់សងជម្ងឺចិត្តចំនួន ២៥០,០០០ ដុល្លារ (២៥ម៉ឺនដុល្លារ) រួចរាល់ហើយ។ យោងតាមប្រភពពីសារព័ត៌មានដដែលដែលបានដកស្រង់សម្តីរបស់មិត្តភក្តិជនរងគ្រោះដែលបានបម្រើការលើយន្តហោះជាមួយគ្នាបានឱ្យដឹងថា «ក្នុងអំឡុងពេលហោះហើរ ក្រុមការងាររបស់ Musk បានហៅនាងឱ្យទៅម៉ាស្សានៅក្នុងបន្ទប់ផ្ទាល់របស់ Musk ជាលក្ខណៈ VIP។ ហើយនៅអំឡុងពេលម៉ាស្សានោះនារីរងគ្រោះបានប្រាប់មិត្តភក្តិនាងថា Musk បានដកកន្សែងដែលគ្របនៅលើរាងកាយរបស់លោកចេញ ហើយ បង្ហាញរូបរាងកាយរបស់លោកដល់នាង នឹងថែមទាំងយកជើងមកត្រដុសលើរាងកាយរបស់នាងថែមទៀតផង។ ហើយអំឡុងពេលនោះ មិត្តភក្តិរបស់នាងថា ប្រសិនបើនាងយល់ព្រមនោះលោកនឹងចំណាយឱ្យនាងនូវ […]។ ហើយប្រភពក៏បញ្ចប់ការរាយការណ៍ត្រឹមនេះតែម្តង»។
យោងតាមប្រភពព័ត៌មាន Insider ដដែលបានបន្ថែមថា នារីរងគ្រោះនោះបានដាក់ពាក្យបណ្តឹងទៅកាន់ ដេប៉ាត់ដឺម៉ង់ធនធានមនុស្ស (HR Department) របស់ក្រុមហ៊ុន SpaceX តែយ៉ាងណាមិញភាគីខាងក្រុមហ៊ុន SpaceX បានសម្របសម្រួលដោយដោះស្រាយជាមួយទឹកប្រាក់ចំនួន ២៥ម៉ឺនដុល្លារ ជាថ្នូរនឹងសំណងជំងឺចិត្ត ក៏ដូចជាថ្នូរទៅនឹងការឡើងតុលាការ នឹងបិទបញ្ចប់រឿងហាមមិនឱ្យនាងនិយាយមិនល្អពីលោក Elon Musk ដែលបណ្តាលឱ្យប៉ះពាល់ដល់កិត្តិយសរបស់លោករួមទាំង SpaceX និង Tesla ផងដែរ។
យ៉ាងណាមិញនៅពេលដែលសុំការអត្ថាធិប្បាយពីសាមីខ្លួន លោក Elon Musk បានបង្ហាញជុំវិញករណីនេះថានៅមាន «រឿងរ៉ាវជាច្រើនទៀត» ទាល់តែអ្នកដឹងបានដឹង។ ដោយអះអាងថាជារឿងជាប់ទាក់ទងនឹងនយោបាយ។ ហើយលោកថែមទាំងបញ្ជាក់ទៀតថា «ការវាយប្រហាផ្នែកនយោបាយទៅលើរូបលោកនឹងកើនឡើងយ៉ាងខ្លាំងនៅក្នុងប៉ុន្មានខែខាងមុខនេះ»។ ទាក់ទងនឹងករណីនេះ Musk ក៏បានបញ្ជាក់ប្រាប់ទៅ Insider ដែលថា «ប្រសិនបើខ្ញុំមានទំនោរទៅលើផ្លូវភេទនេះ ទំនងមិនមែនជាលើកទី១ ទេក្នុងបទពិសោធន៍ហោះហើររយៈពេល ៣០ឆ្នាំរបស់ខ្ញុំនោះ»។
គួរបញ្ជាក់ដែលថា រឿងនេះមិនមែនទើបតែកើតឡើងថ្មីៗនេះទេ ករណីនេះបានកើតឡើងតាំងពីឆ្នាំ២០១៨ មកម្លេះប៉ុន្តែទើបតែមានសារព័ត៌មានមួយចំនួនយកមកចុះផ្សាយទើបបានបណ្តាលឱ្យសាមីខ្លួនចេញមុខដោះស្រាយថាជាប់ពាក់ព័ន្ធនឹងរឿង«នយោបាយ»ដូចដែលបានបង្ហាញខាងលើ។ ហើយលោកក៏បានព្រមានដែលថាលោកនឹងក្លាយជាជនរងគ្រោះនៃ«យុទ្ធនាការល្បិចកខ្វក់»នេះទៀតផង៕