កត្តា​សំខាន់​​៣ ​អ្នក​មិន​ត្រូវ​ខកខាន​ ONE ថ្ងៃ​សុក្រ​នេះមានទាំង រិន សារ័ត្ន​

ងៃ​សុក្រ​ទី​៨​ ខែ​មីនា​ នេះ​ ONE Championship នឹង​វិល​ទៅ​ទី​ក្រុង​យ៉ាំងហ្គូន​ជា​ថ្មី​​ដែល​មាន​​វត្តមាន​កំពូល​អ្នក​លេង​ក្បាច់​គុន​ឆ្នើម​ៗ​ជា​ច្រើន​ រួម​ទាំង​ការ​ប្រកួត​គុន​ចម្រុះ​អាជីព​លើក​ទី​១០​របស់​កីឡាករ​កម្ពុជា​ រិន​ សារ័ត្ន ផង​ដែរ។

ព្រឹត្តិការណ៍​ ONE: REIGN​ OF​ VALOR​ នឹង​ធ្វើ​ឡើង​នៅ​កីឡដ្ឋាន​ Thuwunna Indoor​ ដ៏​ល្បីល្បាញ​ ហើយ​ដូច​​មុន​ៗ​ដែរ​គឺ​ អ្នក​អាច​រំពឹង​ឃើញ​ទស្សនិកជន​​ពុះ​កញ្ជ្រោល​នៅ​ពេល​តារា​ ONE​ Championship​ ឡើង​មក​លើ​ឆាក។​ហេតុ​ផល​ធំ​ៗ​៣​ដែល​​អ្នក​គាំទ្រ​កម្ពុជា​គួរ​តាម​ដាន​​ទស្សនា​ថ្ងៃ សុក្រ​នេះ។

ទី​១៖ ការ​ត្រឡប់​ជា​ថ្មី​របស់​ រិន សារ័ត្ន​

សមាជិក​ក្លឹប​ Cambodian Top Team​ រិន​ សារ័ត្ន​ ​ត្រូវ​ត​តាំង​ជា​មួយ​កីឡាករ​ជើង​ថ្មី​ Tial​ Thang​ របស់​មីយ៉ាន់ម៉ា​ ក្នុង​គូ​សំខាន់។ ដោយ​ត្រូវ​បាន​ចាត់​ទុក​ជា​កីឡាករ​គុន​ចម្រុះ​​ដ៏​ល្អ​ម្នាក់​របស់​កម្ពុជា​ សារ័ត្ន​ បាន​សម្ងំ​ហាត់​យូរ​​មក​ហើយ និង​ចុង​ក្រោយ​បាន​ទៅ​ហាត់​នៅ​ក្លឹប​  Yorky Mixed Martial Arts ក្នុង​ទី​ក្រុង​បាងកក​ រយៈ​ពេល​១​ខែ​ចុង។

សារ័ត្ន ប្រាប់​ថា ៖«ខ្ញុំ​មាន​អារម្មណ៍​ថា​ ​ប្លែក​ជាង​មុន។ ក្បាច់​ប្រយុទ្ធ និង​ការពារ​របស់​ខ្ញុំ​ល្អ​ជាង​មុន​ហើយ​រហ័ស​ជាង​មុន។ ខ្ញុំ​រួច​រាល់​ហើយ​ដើម្បី​បញ្ចេញ​អ្វី​ដែល​ខ្ញុំ​មាន»។​ Thang​ នឹង​មាន​ការ​គាំទ្រ​ពេញ​ទំហឹង​ពី​អ្នក​គាំទ្រ​ម្ចាស់​ផ្ទះ​នៅ​ពេល​គេ​ត​តាំង​ជា​មួយ​ សារ័ត្ន ក្នុង​ការ​ប្រកួត​ទម្ងន់​៦៨​គីឡូក្រាម។

ទី​២៖ ការ​ប្រកួត​ដណ្ដើម​ខ្សែក្រវាត់​ ONE​ Welterweight​ World​ Title​

ជើង​ឯក​ ONE​ Welterweight World Champion កីឡាករ​ Zebaztian​ ​Kadestam​ នឹង​ឡើង​ការពារ​ខ្សែក្រវាត់​របស់​ខ្លួន​ទល់​នឹង​កីឡាករ​ពូកែ​ចាប់​កាច់​ Georgiy​ Kichigin​ ក្នុង​ការ​ប្រកួត​គូ​ឯក។ នេះ​ជា​ការ​ឡើង​ការពារ​ខ្សែ​ក្រវាត់​លើក​ដំបូង​របស់​ជើង​ខ្លាំង​ជន​ជាតិ​ស៊ុយអែត។ ការ​ប្រកួត​នេះ​នឹង​តាន​តឹង​សម្រាប់​ Zebaztian ដោយ​ហេតុ​ថា​គូ​ប្រកួត​របស់​គេ​ជន​ជាតិ​កាហ្សាក់ស្ថាន​មិន​ដែល​ចាញ់​ឡើយ​ក្នុង​ការ​ប្រកួត​លក្ខណៈ​អាជីព​ និង​បាន​ឈ្នះ​១៤​ដង​ចុង​ក្រោយ​ជាប់​ៗ​គ្នា។

ទី​៣៖ ជំនួប​ទម្ងន់​យក្ស​ដ៏​កក្រើក​

ជើង​ខ្លាំង​ Alain Ngalani​ នឹង​ប្រឈម​ជា​មួយ​អតីត​ជើង​ឯក​ Cage Warriors Heavyweight Champion​គឺ​កីឡាករ​ Mauro​ Cerilli។ កីឡាករ​ដើម​កំណើត​កាមេរ៉ូន​ Ngalani​ ឆ្លាក់​ទស្សនៈ​ក្នុង​ចិត្ត​ថា​ បើ​គេ​មិន​សន្លប់​គឺ​ខ្លួន​ឯង​សន្លប់។  ក្នុង​អាជីព​គុន​ចម្រុះ​ Ngalani ធ្លាប់​ប្រកួត​ពេញ​គ្រប់​ទឹក​តែ​មួយ​លើក​គត់។

ចំណែក​ជើង​ខ្លាំង​អ៊ីតាលី​ Cerilli បាន​ចូល​ប្រកួត​នៅ​ ONE​ លើក​ដំបូង​កាល​ពី​ខែ​វិច្ឆិកា​ ឆ្នាំ​មុន​ ទល់​នឹង​កីឡាករ​ Brandon​ Vera​ និង​បាន​រង​បរាជ័យ​ដែល​ឈាន​ដល់​ការ​បញ្ចប់​ជ័យជម្នះ​៥​ដង​ជាប់​គ្នា​របស់​គេ​នៅ​ពេល​នោះ។ លើក​នេះ​ គេ​តាំង​ចិត្ត​ស្តារ​មុខ​មាត់​ឡើង​វិញ​នៅ​ក្នុង​ស្ថាប័ន​ក្បាច់​គុន​ធំ​បំផុត​របស់​ពិភព​លោក​នេះ៕

អត្ថបទ៖ កែវ ច័ន្ទសុផាវរុណ

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds